(អេស្ប៉ាញ)-ក្រុមសកម្មជនបរិស្ថាននាំគ្នាចាក់ និងជះធាតុរាវទៅលើទូដាក់សាកសពអប់ដែលគេហៅថា ម៉ាំមី (Mummy) នៅក្នុងសារមន្ទីរមួយនៅ Barcelona ក្នុងបំណងអំពាវនាវឱ្យមានសកម្មភាពការពារបរិស្ថាន។
សកម្មជនបរិស្ថានពីររូប បានចាក់ និងជះធាតុរាវពណ៌ប្រផេះ និងក្រហមពីដបទឹកសុទ្ធ ទៅលើទូកញ្ចក់ការពារសាកសពអប់ដែលគេដាក់ជាការបង្ហាញត្រាប់ ព្រមទាំងជះធាតុរាវនោះទៅលើស៊ុមរូបគំនូរដែលព្យួរជុំវិញជញ្ជាំងនៅក្នុងសារមន្ទីរអេហ្ស៊ីប នៅ Barcelona កាលពីថ្ងៃទី 13 វិច្ឆិកា។
បន្ទាប់មក ពួកគេដាក់ដៃទៅលើប្រអប់កញ្ចក់តាំងបង្ហាញ និងលើកបដាដែលសរសេរថា «យុត្តិធម៌អាកាសធាតុ»។ នៅពេលក្រុមប៉ូលិសមកដល់ សកម្មជនបរិស្ថានទាំងពីរនាក់ក៏បានសហការ និងមិនត្រូវបានចាប់ខ្លួន ប៉ុន្តែ ខាងសារមន្ទីរនិយាយថា នឹងដាក់ពាក្យប្ដឹងដើម្បីទាមទារសំណង។
សកម្មជនខាងលើស្ថិតក្នុងក្រុម Futuro Vegetal ដែលជាអ្នកការពារបរិស្ថាននៅ ប្រទេសអេស្ប៉ាញ និងធ្លាប់បានដាក់ដៃទៅលើរូបគំនូរនៅក្នុងសារមន្ទីរ Prado នៅ ម៉ាឌ្រីដ កាលពីដើមខែវិច្ឆិកា។
នេះគឺជាសកម្មភាពថ្មីបំផុតនៅក្នុងចំណោមបាតុកម្មរបស់ក្រុមការពារបរិស្ថាន។ កន្លងមក ពួកគេធ្លាប់ជះទឹកស៊ុបទៅលើគំនូររបស់ Vicent van Gogh នៅ ទីក្រុងឡុងដ៍ និង រ៉ូម ព្រមទាំងបានប៉ាតដំឡូងបារាំងកិនទៅលើផ្ទាំងគំនូរដែលជាកំពូលស្នាដៃរបស់វិចិត្រករ Monet។
ក្រុម Futuro Vegetal បានឱ្យដឹងថា ករណីបាតុកម្មថ្មីបំផុតនេះគឺដើម្បី «បង្ហាញនូវស្ថានការណ៍បន្ទាន់» ដែលពិភពលោកកំពុងប្រឈម។ «បច្ចុប្បន្ន កាកសំណល់ជ័រ 99% នៅលើពិភពលោកត្រូវបានផលិតឡើងពីឥន្ធនៈហ្វូស៊ីល» ក្រុមនេះអះអាងដូច្នេះ។
Futuro Vegetal ចង់ឱ្យ អេស្ប៉ាញ ឈប់ផ្ដល់ជំនួយដល់វិស័យចិញ្ចឹមសត្វ និងស្នើឱ្យប្រើប្រាស់ប្រាក់ជំនួយនេះដើម្បីជំរុញការផលិតអាហារដែលមានប្រភពពីរុក្ខជាតិ៕