Skip to content

ប្រទេស​ស្លូ​វេ​នី មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

មេធាវី Natasa Pirc Musar នឹង​ក្លាយជា​ប្រធានាធិបតី​ភេទ​ស្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ប្រទេស​ស្លូ​វេ​នី បន្ទាប់ពី​យកឈ្នះ​លើ​គូប្រជែង​ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស Logar នេះ​បើតាម​លទ្ធផល​បឋម​នៃ​ការរាប់​សន្លឹកឆ្នោត។

«ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ក្លាយជា​ប្រធានាធិបតី​ពិតប្រាកដ​មួយរូប​សម្រាប់​ប្រជាជន​គ្រប់រូប ធ្វើ​សកម្មភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​សម​ស្របតាម​ធម្មនុញ្ញ» លោកស្រី Musar ថ្លែង​នៅ​ចំពោះមុខ​ក្រុម​អ្នកយកព័ត៌មាន​បន្ទាប់​ពី​បានប្រកាស​ជ័យជំនះ​កាលពី​ថ្ងៃទី 13 វិច្ឆិកា។

ទិន្នន័យ​ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ដែល​យោងទៅតាម​តួលេខ 99% នៃ​សន្លឹកឆ្នោត​ដែល​បាន​រាប់​បង្ហាញថា លោកស្រី Pirc Musar វ័យ 54 ឆ្នាំ ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ 53.86% នៅក្នុង​ការបោះឆ្នោត​ជុំ​ទី​ពីរ​សម្រាប់​កៅអី​ប្រធានាធិបតី​ស្លូ​វេ​នី។ ចំណែក​គូប្រជែង​របស់លោក​ស្រី គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស Andze Logar ទទួលបាន​សន្លឹកឆ្នោត​ត្រឹម 46.14% ប៉ុណ្ណោះ។ អត្រា​នៃ​ពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​គឺ 49.9%។

លោកស្រី Natasa Pirc Musar គឺជា​អតីត​ពិធី​ការិនី​ទូរទស្សន៍ និង​ជា​មេធាវី​ដែលមាន​ឥទ្ធិពល​នៅ ស្លូ​វេ​នី។ លោកស្រី​ឃោសនា​រក​សំឡេងឆ្នោត​ដោយយោង​ទៅលើ​គោលនយោបាយ​ទាក់ទិន​នឹង​សិទ្ធិមនុស្ស នីតិរដ្ឋ និង​បណ្ដា​បញ្ហា​សុខុមាលភាព​សង្គម។ ក្នុងការ​បោះឆ្នោត​ជុំ​ដំបូង លោក Logar រកបាន​សំឡេងឆ្នោត​គាំទ្រ 33.9% ចំណែក​លោកស្រី Musar រកបាន​តែ 26.9%៕

Leave a Reply

Your email address will not be published. Required fields are marked *