ក្រោយពី រុស្ស៊ី បានដកទ័ព ប្រជាជននៅទីក្រុង Kherson នាំគ្នាកាន់ទង់ជាតិ និងផ្កាចេញទៅកាន់ដងផ្លូវ អ្នកខ្លះក៏យំព្រោះតែរំភើបខ្លាំងនៅពេលទទួលស្វាគមន៍កងកម្លាំងរបស់ អ៊ុយក្រែន ដែលចូលមករំដោះទីក្រុងនេះ។
ថ្ងៃទី 11 វិច្ឆិកាត្រូវបានប្រធានាធិបតី ហ្សេឡែនស្គី ហៅថា «ថ្ងៃប្រវត្តិសាស្ត្រ» នៅពេល កងទ័ពអ៊ុយក្រែន ចូលទៅគ្រប់គ្រងទីក្រុង Kherson ដោយមានការទទួលស្វាគមន៍របស់ប្រជាជននៅទីននេះ។ ប្រជាជនភាគច្រើននៅ Kherson បានភៀសខ្លួនទៅតាមបទបញ្ជារបស់ រុស្ស៊ី មុនពេលដងទ័ព។ អ្នកដែលក្រាញននៀលនៅក្នុងទីក្រុងនេះ មានការរំភើបជាខ្លាំងព្រោះតែការរីករាយបន្ទាប់ពីត្រូវរង់ចាំអស់ជាច្រើនថ្ងៃ។
មនុស្សម្នាលើកទង់ជាតិអ៊ុយក្រែន នៅជុំវិញទីលាន Svoboda និងលើកដៃ ឱបថើបទាហានរបស់ អ៊ុយក្រែន ដែលចូលមករំដោះ។
ក្រុមប្រជាពលរដ្ឋខ្លះក៏នាំគ្នាតម្រៀបទង់ជាតិអ៊ុយក្រែន ក្បែរដងផ្លូវ ខណៈរថយន្តនានាដែលធ្វើដំណើរតាមដងផ្លូវក៏ចុចស៊ីផ្លេជាប់ៗគ្នា ដើម្បីអបអរសាទរចំពោះដំណើរចូលមកកាន់ទីក្រុង Kherson របស់ កងកម្លាំងអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា ទាហានសរុបជាង 30,000 នាក់ និងអង្គភាពគ្រប់គ្រងអាវុធ និងសម្ភារជាង 5,000 អង្គភាពផ្សេងទៀតត្រូវបានដកទៅកាន់ច្រាំងខាងកើតនៃទន្លេ Dnieper បញ្ចប់ការគ្រប់គ្រង 8 ខែនៅ Kherson៕