កងទ័ពអ៊ុយក្រែន បានអំពាវនាវដល់ទាហាននៅក្នុងកងកម្លាំងចម្រុះរុស្ស៊ី-បេឡារុស ឱ្យទម្លាក់អាវុធចុះចាញ់ បើសិនពួកគេត្រូវបានបញ្ជាឱ្យវាយលុកចូលទឹកដីរបស់ អ៊ុយក្រែន។
«ផ្ញើជូនបណ្ដាទាហានបេឡារុស ៖ បើសិនអ្នកមិនមានជម្រើសផ្សេងក្រៅតែពីការអនុវត្តតាមបទបញ្ជាឱ្យឆ្លងដែនដើម្បីចូលរួមសង្គ្រាមរបស់ រុស្ស៊ី ប្រឆាំងនឹង អ៊ុយក្រែន ចូរបិទម៉ាស៊ីនយានយន្ត ដោះគ្រាប់ លើកទង់ស ហើយរង់ចាំជួបតំណាងរបស់យើងខ្ញុំ» អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន សរសេរសារបង្ហោះលើ Facebook កាលពីថ្ងៃទី 11 វិច្ឆិកាដូច្នេះ។
កងទ័ពអ៊ុយក្រែន ប្រកាសថា ទាហានបេឡារុស ដែលទម្លាក់អាវុធនឹងត្រូវបានធានាទៅលើកន្លែងស្នាក់នៅ។ សម្ភារ និងអាវុធរបស់ពួកគេនឹងត្រូវបានរក្សាទុកសមស្រប ហើយទាហានអាចត្រលប់ទៅផ្ទះ និងទទួលអាវុធទៅវិញក្រោយពីសង្គ្រាមបានបញ្ចប់។
អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន ក៏បានអំពាវនាវឱ្យ ទាហានរុស្ស៊ី ក្នុងកងកម្លាំងចម្រុះជាមួយ បេឡារុស ដាក់អាវុធចុះចាញ់ផងដែរ។ «គ្រប់គ្នានឹងត្រូវបានប្រព្រឹត្តទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវ និងបានត្រលប់ទៅផ្ទះនៅពេលសង្គ្រាមបានបញ្ចប់ មិនដូច្នេះទេ គ្រប់គ្នាមានតែរង់ចាំការស្លាប់នៅលើសមរភូមិប៉ុណ្ណោះ» សាររបស់ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន មានឃ្លាសរសេរដូច្នេះ។
បេឡារុស គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ រុស្ស៊ី និងបានអនុញ្ញាតឱ្យ ទីក្រុងមូស្គូ ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីចូលឈ្លានពានលើ អ៊ុយក្រែន។ បេឡារុស ក៏ត្រូវបានសង្ស័យថា អនុញ្ញាតឱ្យ រុស្ស៊ី ប្រើប្រាស់ដែនអាកាសដើម្បីបាញ់ប្លោងមីស៊ីលចូលទឹកដីរបស់ អ៊ុយក្រែន ផងដែរ៕