ថវិកាជំនួយផ្នែកសន្តិសុខរបស់ សហរដ្ឋអាម៉េរិក សម្រាប់ អ៊ុយក្រែន កើនឡើងដល់ជាង 18 ពាន់លានដុល្លារ រាប់ចាប់ពីខែកុម្ភៈ 2022 បន្ទាប់ពី មន្ទីរបញ្ចកោណ បញ្ចេញកញ្ចប់ជំនួយយោធាថ្មីនេះ។
មន្ទីរបញ្ចកោណ កាលពីកាលពីថ្ងៃទី 10 វិច្ឆិកា 2022 បានប្រកាសអំពីកញ្ចប់ជំនួយយោធាតម្លៃ 400 លានដុល្លារសម្រាប់ អ៊ុយក្រែន ក្នុងនោះមានទាំងបណ្ដាប្រព័ន្ធការពារដែនអាកាស និងមីស៊ីលបាញ់ពីដីទៅអាកាសផងដែរ។
លេខារងផ្នែកសារព័ត៌មានរបស់ មន្ទីរបញ្ចកោណ Sabrina Singh បញ្ជាក់ថា កញ្ចប់ជំនួយយោធាថ្មីរបស់ សហរដ្ឋអាម៉េរិក នឹងរួមមាន ប្រព័ន្ធការពារដែនអាកាសកម្រិតទាប និងមានសមត្ថភាពចល័តកម្រិតខ្ពស់ Avenger ចំនួន 4 ក៏ដូចជាមីស៊ីល Stinger សម្រាប់ប្រព័ន្ធទាំង 4 នេះ។
នេះគឺជាលើកដំបូងហើយដែល ទីក្រុងវ៉ាស៊ីងតោន ផ្ដល់ឱ្យ ទីក្រុងកៀវ នូវប្រព័ន្ធការពារដែនអាកាស Avenger។
កញ្ចប់ជំនួយថ្មីនេះក៏មានមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស HAWK រួមនឹងគ្រាប់កាំភ្លើងធំ គ្រាប់កាំភ្លើងត្បាល់ រ៉ុក្កែតសម្រាប់ប្រព័ន្ធ HIMARS និងគ្រាប់កាំភ្លើងជាង 20 លានគ្រាប់សម្រាប់អាវុធធុនស្រាល។
កញ្ចប់ជំនួយយោធាថ្មីដែលត្រូវបានប្រកាសកាលពីថ្ងៃទី 10 វិច្ឆិកានេះ បាននាំឱ្យថវិកាជំនួយផ្នែកសន្តិសុខរបស់ សហរដ្ឋអាម៉េរិក សម្រាប់ អ៊ុយក្រែន កើនឡើងដល់ 18.6 ពាន់លានដុល្លារ រាប់ចាប់ពីខែកុម្ភៈ 2022៕