ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញប្រព័ន្ធចម្លែកមួយដែលមានប្រហោងខ្មៅ និងផ្កាយដូចព្រះអាទិត្យ វិលជុំវិញគ្នានៅខាងក្នុងកញ្ចុំផ្កាយ Ophiuchus។
យោងតាមការស្រាវជ្រាវដែលបានចុះផ្សាយលើទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society កាលពីសប្ដាហ៍កន្លង ប្រហោងខ្មៅថ្មី (ឈ្មោះ Gaia BH1) មានម៉ាសធំជាងព្រះអាទិត្យប្រហែល 10 ដង និងមានចម្ងាយពីផែនដីប្រហែល 1,566 ឆ្នាំពន្លឺ ស្ថិតនៅក្នុងកញ្ចុំផ្កាយ Ophiuchus។ ប្រការនេះធ្វើឱ្យ Gaia BH1 ក្លាយជាប្រហោងខ្មៅដែលស្ថិតនៅជិតផែនដីបំផុតដែលមនុស្សធ្លាប់បានរកឃើញ ពោលគឺជិតជាងទ្វេដងធៀបនឹងប្រហោងខ្មៅដែលកាន់កាប់កំណត់ត្រាមុននោះ។
ប្រហោងខ្មៅ Gaia BH1 ពិសេសខ្លាំងណាស់ ដោយសារតែវាមាន «មិត្តរួមដំណើរ» ដែលជាផ្កាយមួយដួងដូចព្រះអាទិត្យ (មានទម្ងន់ធ្ងន់ជាង 0.93 ដង ធៀបនឹងព្រះអាទិត្យ និងមានកម្ដៅប្រហែល 5,580 អង្សាសេ)។ វត្ថុអវកាសទាំងពីរនេះវិលជុំវិញគ្នាក្នុងវដ្ដនៃគន្លងគោចរដែលមានរយៈពេល 185.59 ថ្ងៃ និងមានគម្លាតប្រហាក់ប្រហែលពីផែនដីទៅព្រះអាទិត្យ។
ប្រធានក្រុមស្រាវជ្រាវ Kareem El-Badry ដែលជាអ្នកវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌល Harvard-Smithsonian នៅ សហរដ្ឋអាម៉េរិក និយាយថា នេះគឺជាប្រព័ន្ធដំបូងស្ថិតក្នុងប្រភេទនេះដែលធ្លាប់ត្រូវបានរកឃើញនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ។
យោងតាមអ្នកវិទ្យាសាស្ត្រ ប្រហោងខ្មៅ Gaia BH1 ទំនងជាកកើតពីផ្កាយមួយដួងដែលមានទម្ងន់ធ្ងន់ជាង 20 ដង ធៀបនឹងព្រះអាទិត្យ។ តាមធម្មតា ផ្កាយខ្នាតយក្សដូចនេះនឹងរីកមាឌចេញទៅក្រៅនៅក្នុងដំណាក់កាលចុងក្រោយនៃជីវិតរបស់វា ហើយដុតកម្ទេចគ្រប់យ៉ាងដែលស្ថិតក្នុងគន្លងរបស់វា មុនពេលបែកធ្លាយដល់ខាងក្នុង បង្កើតបានជាប្រហោងខ្មៅ។
អ្នកវិទ្យាសាស្ត្រយល់ថា ដំណើរការនេះគួរណាស់តែលេបត្របាក់ទាំងផ្កាយមួយដួងដែលជាមិត្តរួមដំណើររបស់ប្រហោងខ្មៅ ឬយ៉ាងហោចក៏អូសវាទៅក្នុងគន្លងគោចរមួយដែលជិតជាងនេះ ប៉ុន្តែ ផ្កាយនេះបែរជាស្ថិតនៅក្នុងទ្រង់ទ្រាយដើមយ៉ាងអាថ៌កំបាំង និងវិលជុំវិញប្រហោងខ្មៅក្នុងគម្លាតយ៉ាងឆ្ងាយ។
ឧបសគ្គបន្ទាប់ដែលក្រុមអ្នកវិទ្យាសាស្ត្រខាងលើត្រូវដោះស្រាយ នោះគឺការស្វែងយល់អំពីមូលហេតុដែលនាំឱ្យកើតមានករណីថ្មីបំផុតនេះ៕