កងទ័ពអាម៉េរិក និង ជប៉ុន បញ្ជូនទាហាន 36,000 នាក់ រួមនឹងគ្រឿងសព្វាវុធធុនធ្ងន់ជាច្រើនទៅចូលរួមធ្វើសមយុទ្ធយោធាការពារបណ្ដាកោះនៅជួរមុខរបស់ ជប៉ុន។
ក្រសួងការពារជាតិជប៉ុន នៅថ្ងៃទី 10 វិច្ឆិកា 2022 ប្រកាសចាប់ផ្ដើមសមយុទ្ធរួមជាមួយនឹង សហរដ្ឋអាម៉េរិក ដែលមានឈ្មោះថា Keen Sword គ្រោងធ្វើឡើងនៅថ្ងៃទី 19 វិច្ឆិកា។ សមាជិកប្រហែល 26,000 នាក់របស់កងកម្លាំងស្វ័យការពារជប៉ុន (JSDF) និង ទាហាន 10,000 នាក់របស់ សហរដ្ឋអាម៉េរិក នឹងចូលរួមសមយុទ្ធនេះ។
សមយុទ្ធបង្ហាញត្រាប់ការការពារកោះជួរមុខរបស់ ជប៉ុន នឹងធ្វើឡើងនៅលើកោះ Tokunoshima នៃខេត្ត Kagoshima ភាគនិរតីនៃ ប្រទេសជប៉ុន។ កងទ័ពអាម៉េរិក និង ជប៉ុន បានដាក់ពង្រាយឧទ្ធម្ភាគចក្រ V-22 Osprey នៅលើកោះ Tokunoshima ដើម្បីត្រៀមសម្រាប់សមយុទ្ធ។
ជប៉ុន បញ្ចេញនាវាយោធាប្រហែល 20 គ្រឿង និងយន្តហោះ 250 គ្រឿងចូលរួមធ្វើសមយុទ្ធ ខណៈដែល សហរដ្ឋអាម៉េរិក បញ្ចេញនាវា 10 គ្រឿង និងយន្តហោះ 120 គ្រឿង។ នាវាចម្បាំង 4 គ្រឿង និងយន្តហោះ 2 គ្រឿងរបស់ កងទ័ពអូស្ត្រាលី កាណាដា និង អង់គ្លេស ក៏ចូលរួម Keen Sword។ ទាហានរបស់ ណាតូ ចូលរួមសមយុទ្ធរវាង អាម៉េរិក-ជប៉ុន ក្នុងនាមជាអ្នកសង្កេតការណ៍។
ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា សមយុទ្ធនេះធ្វើឡើងដើម្បី «បង្កើនសមត្ថភាពកំញើញ និងប្រតិកម្មរបស់ JSDF រួមនឹង សហរដ្ឋអាម៉េរិក ក្នុងការទប់ទល់នឹងស្ថានការណ៍បន្ទាន់»។
Keen Sword ក៏មានសកម្មភាពហ្វឹកហាត់ទប់ទល់នឹងមីស៊ីលប្លោង ការប្រយុទ្ធក្នុងបរិស្ថានថ្មីដូចជា អវកាស និងប្រព័ន្ធអ៊ីនធើណិតជាដើម។ល។