យោងតាមផែនការពន្លឿនការផ្លាស់ប្ដូរថាមពល សហរដ្ឋអាម៉េរិក គ្រោងនឹងផ្ដល់ជំនួយដល់បណ្ដាគម្រោងថាមពលកកើតឡើងវិញ និងជំរុញការងាកទៅរកថាមពលស្អាតនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។
កាលពីថ្ងៃទី 09 វិច្ឆិកា បេសកជនពិសេសផ្នែកអាកាសធាតុរបស់ សហរដ្ឋអាម៉េរិក លោក John Kerry បានប្រកាសបង្កើតផែនការប៉ះប៉ូវកាបូន ក្នុងបំណងជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ដើម្បីពន្លឿនដំណើរការប្ដូរពីការប្រើប្រាស់ថាមពលហ្វូស៊ីល ទៅរកការប្រើប្រាស់ថាមពលស្អាត។
លោក Kerry ប្រកាសថា គម្រោងពន្លឿនដំណើរការប្ដូរថាមពល (ETA) នឹងជួយដល់បណ្ដាគម្រោងថាមពលកកើតឡើងវិញ និងជំរុញឱ្យប្រណាប្រទេសកំពុងអភិវឌ្ឍ ងាកទៅរកថាមពលស្អាត (ថាមពលកកើតឡើងវិញ)។
រដ្ឋាភិបាលអាម៉េរិក នឹងអភិវឌ្ឍកម្មវិធីរួមនឹងមូលនិធិ Bezos Earth និងមូលនិធិ Rockefeller ដោយមានការរួម ពីវិស័យឯកជន និងរដ្ឋ ដែលគ្រោងនឹងអនុវត្តរហូតដល់ឆ្នាំ 2030 ហើយអាចពន្យារសុពលភាពដល់ឆ្នាំ 2035។
យោងតាមលោក Kerry គោលដៅរបស់កម្មវិធីខាងលើគឺការដឹកនាំទីផ្សារកាបូនដើម្បីបញ្ចេញទុនសម្រាប់ពន្លឿនការងាកទៅរកថាមពលស្អាត ការបិទរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម ហើយសាងសង់បណ្ដារោងចក្រអគ្គិសនីដែលដើរដោយថាមពលកកើតឡើងវិញ។
លោក Kerry បញ្ជាក់ថា គំនិតផ្ដួចផ្ដើមស្ដីពីទីផ្សារកាបូនរបស់ សហរដ្ឋអាម៉េរិក បានទទួលការគាំទ្រពី អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ Antonio Guterres ក៏ដូចជាបណ្ដាស្ថាប័នហិរញ្ញវត្ថុរដ្ឋ និងឯកជនជាច្រើនផងដែរ៕