ប៊ុល​ហ្ការី ចំណាយ 1.32 ពាន់​លាន​ដុល្លារ ទិញ​យន្តហោះ​ចម្បាំង​របស់ សហរដ្ឋ​អាម៉េរិក

សភា​ប៊ុលហ្គារី បាន​យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង F-16V របស់ សហរដ្ឋ​អាម៉េរិក ចំនួន 8 គ្រឿង​បន្ថែមទៀត អម​​ជា​មួយ​នឹង​​អាវុធ ដែល​ទាំងអស់នេះ​មានតម្លៃ​សរុប 1.32 ពាន់​លាន​ដុល្លារ​អាម៉េរិក។

ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី 04 វិច្ឆិកា ដែល​ទទួលបាន​សន្លឹក​ឆ្នោត​គាំទ្រ 162 សំឡេង, ប្រឆាំង 49 សំឡេង និង​អនុបវាទ 11 សំឡេង សភា​ប៊ុលហ្គារី យល់ព្រម​ទិញ​យន្តហោះ​ចម្បាំង F-16V របស់​ក្រុមហ៊ុន​អាម៉េរិក Lockheed Martin ចំនួន 8 គ្រឿង។

ប៊ុលហ្គារី មុន​នោះបាន​ចំណាយ​ប្រាក់ 1.67 ពាន់​លាន​ដុល្លារ​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង F-16V ចំនួន 8 គ្រឿង​រួចហើយ ដោយ Lockheed Martin សន្យាថា នឹង​ប្រគល់​ចាប់ពី​ឆ្នាំ 2023។

ប៊ុលហ្គារី បាន​ចូល​ជា​សមាជិក​ណា​តូ កាលពី​ឆ្នាំ 2004។ បច្ចុប្បន្ន​ប្រទេស​នេះ​កំពុង​រក​វិធី​ទិញ​យន្តហោះ​មក​ជំនួស​ក្រុម​ហោះហើរ MiG-29 ដែលមាន​តាំងពី​សម័យ​សូ​វៀត។ ប៊ុលហ្គារី កំពុង​ប្រើប្រាស់​យន្តហោះ MiG-29UB ចំនួន 11 គ្រឿង ក្នុងនោះ​មាន 2 គ្រឿង​ទុក​សម្រាប់​ការហ្វឹកហ្វឺន។

ក្រោយពី​សង្គ្រោះ​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង ប៊ុលហ្គារី ក៏​មិនអាច​ទិញ​គ្រឿងបន្លាស់ និង​ម៉ាស៊ីន​សម្រាប់ MiG-29 របស់ខ្លួន​ពី រុស្ស៊ី។ ប៊ុលហ្គារី កំពុង​ចរចា​ទិញ​ម៉ាស៊ីន MiG-29 ពី ប៉ូឡូញ និង​បញ្ជូន​យន្តហោះ​ចម្បាំង 6 គ្រឿង​ទៅកាន់​ប្រទេស​នេះ​ដើម្បី​ជួសជុល។

ដើម្បី​ការពារ​ដែនអាកាស ប៊ុលហ្គារី កំពុង​រក​វិធី​ជួល ឬ​ទិញ​យន្តហោះ​ចម្បាំង​មួយ​ទឹក​ពី ស៊ុយអែត ឬ បារាំង ខណៈដែល​យន្តហោះ​យោធា​របស់ អេ​ស្ប៉ា​ញ ប៉ូឡូញ និង សហរដ្ឋ​អាម៉េរិក ផ្លាស់​វេន​គ្នា​ជួយ​ការពារ​ដែនអាកាស​រប​ស់ ប៊ុលហ្គារី។ តាម​ផែនការ នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា​ខាងមុខ យន្តហោះ​ចម្បាំង Eurofighter ចំនួន 6 គ្រឿង រួម​នឹង​ទាហាន 130 នាក់​របស់ ណា​តូ នឹង​ទៅ​បំពេញបេសកកម្ម​ថ្មី​នៅ ប៊ុលហ្គារី។

សភា​ប៊ុលហ្គារី កាលពី​ថ្ងៃទី 03 វិ​ច្ឆ​កា បាន​ស្នើឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ ពិនិត្យ​លទ្ធភាព​ក្នុងការ​បញ្ជូន​ឧបករណ៍​យោធា​ទៅកាន់ អ៊ុយ​ក្រែ​ន។ រដ្ឋាភិបាល​ប៊ុលហ្គារី នឹងមាន​ពេល 1 ខែ​ដើម្បី​លើក​ជា​សំណើ​មកកាន់​សភា​ស្ដីពី​ឧបករណ៍​យោធា​ដែល​អាច​បញ្ជូន​ឱ្យ អ៊ុយ​ក្រែ​ន ដោយ​មិន​ប៉ះពាល់​ដល់​សមត្ថភាព​ការពារជាតិ​របស់ខ្លួន៕

Leave a Comment