បាតុភូត​ចន្ទ​គ្រាស​ទាំងមូល​លើកចុងក្រោយ​ក្នុងឆ្នាំនេះ​នឹង​កើតឡើង​សប្ដាហ៍​ក្រោយ

ចន្ទ​គ្រាស​មួយផ្នែក​នឹង​ចាប់ផ្ដើម​កើតឡើង​នៅវេលា​ម៉ោង 16 និង 09 នាទី ថ្ងៃទី 08 វិច្ឆិកា 2022 (ម៉ោង​នៅ ភ្នំពេញ) និង​បាតុភូត​ចន្ទ​គ្រាស​ទាំងមូល​នឹង​កើតឡើង​នៅ​ម៉ោង 17 និង 17 នាទី ហើយ​អូស​បន្លាយពេល​ប្រហែល 85 នាទី។

ចន្ទ​គ្រាស​មួយផ្នែក​នៅ​ថ្ងៃទី 08 វិច្ឆិកា អាច​មើលឃើញ​ពី អ៊ី​ស្លង់ បណ្ដា​តំបន់​នៅ អាម៉េរិក​ខាងត្បូង អាស៊ី​ខាងត្បូង អាស៊ី​កណ្ដាល និង រុស្ស៊ី។ ចំណែក​ចន្ទ​គ្រាស​ទាំងមូល​នឹង​អាច​មើលឃើញ​នៅ​តំបន់ អាម៉េរិក​ខាងជើង និង​តំបន់​ជាច្រើន​នៅ អាម៉េរិក​ខាងត្បូង ទ្វីបអាស៊ី អូស្ត្រាលី និង នូ​វែ​ល​សេ​ឡង់។

ក្នុង​បាតុភូត​នេះ យើង​ក៏​អាច​មើលឃើញ​ពិភព​ទី 7 គឺ អ៊ុយ​រ៉ា​នុស (Uranus) បង្ហាញខ្លួន​នៅក្បែរ​ព្រះ​ចន្ទ​ដែល​ត្រូវ​បាំង​ដោយ​ស្រមោល​ផែនដី។ នៅ​តំបន់​មួយចំនួន​របស់ អាស៊ី រួមមាន ហុងកុង ជាដើម ពេលខ្លះ​ភព​អ៊ុយ​រ៉ា​នុស នឹង​លាក់ខ្លួន​ពីក្រោយ​ព្រះ​ចន្ទ​ក្នុងពេល​ចន្ទ​គ្រាស​ទាំងស្រុង។

មូលហេតុ​នៃ​បាតុភូត​ចន្ទ​គ្រាស

នេះ​នឹង​ជា​បាតុភូត​ចន្ទ​គ្រាស​ទី​ពីរ ហើយក៏​ជា​លើកចុងក្រោយ​នៅក្នុង​ឆ្នាំនេះ។ ចន្ទ​គ្រាស​មុននេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី 16 ឧសភា។ ឆ្នាំ 2023 ក៏​នឹងមាន​បាតុភូត​ចន្ទ​គ្រាស​ចំនួន 2 លើក គឺ​នៅក្នុង​ខែឧសភា និង​ខែតុលា។

បាតុភូត​ចន្ទ​គ្រាស​កើតឡើង​នៅពេល​ផែនដី​គោចរ​នៅ​ចន្លោះ​ព្រះ​ចន្ទ និង​ព្រះអាទិត្យ។ ពេលនោះ ផែនដី​នឹង​ជះ​ស្រមោល​ឡើង​ទៅលើ​ព្រះ​ចន្ទ។ ស្រមោល​របស់​ផែនដី​អាច​បាំង​ទាំងមូល (ចន្ទ​គ្រាស​ទាំងមូល) ឬមួយ​ផ្នែក (ចន្ទ​គ្រាស​មួយផ្នែក) នៃ​ពន្លឺ​របស់​ព្រះអាទិត្យ បណ្ដាលឱ្យ​ព្រះ​ចន្ទ​ត្រូវ​ងងឹត៕

Leave a Comment