ការកំណត់តម្លៃពិតាននេះគឺធ្វើឡើងដើម្បីធានាថា ទណ្ឌកម្មដើម្បីកាត់បន្ថយសមត្ថភាពរបស់ រុស្ស៊ី នៅក្នុងការប្រមូលធនធានសម្រាប់ធ្វើសង្គ្រាមនៅ អ៊ុយក្រែន មិនបង្កសម្ពាធទៅលើទីផ្សារប្រេងឆៅរបស់ពិភពលោក។
ក្រុមប្រទេសដែលមានវិស័យឧស្សាហកម្មរីកចម្រើនជាងគេក្នុងពិភពលោក (G7) និង ប្រទេសអូស្ត្រាលី បានឯកភាពគ្នាលើការកំណត់តម្លៃពិតានចំពោះប្រេងឆៅរបស់ រុស្ស៊ី ជំនួសឱ្យការបណ្ដោយតាមទីផ្សារ។
ក្រុមមន្ត្រីអាម៉េរិក និងបណ្ដាប្រទេសសមាជិក G7 បានពិភាក្សាគ្នាយ៉ាងសកម្មនៅក្នុងប៉ុន្មានសប្ដាហ៍កន្លងមកនេះអំពីផែនការកំណត់តម្លៃពិតានលើប្រេងឆៅដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលគ្រោងនឹងមានសុពលភាពចាប់ពីថ្ងៃទី 05 ធ្នូខាងមុខ ដើម្បីធានាថា ទណ្ឌកម្មនានារបស់ សហភាពអឺរ៉ុប និង សហរដ្ឋអាម៉េរិក ក្នុងបំណងកាត់បន្ថយសមត្ថភាពរបស់ រុស្ស៊ី នៅក្នុងការប្រមូលធនធានសម្រាប់ធ្វើសង្គ្រាមនៅ អ៊ុយក្រែន នឹងមិនបង្កសម្ពាធទៅលើទីផ្សារប្រេងឆៅរបស់ពិភពលោក។
តម្លៃពិតានដំបូងមិនទាន់ត្រូវបានកំណត់ជាក់លាក់ ប៉ុន្តែនឹងត្រូវបានលើកឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ ដៃគូសហការក្នុងសម្ព័ន្ធភាពខាងលើបានឯកភាពគ្នាថា នឹងវាយតម្លៃអំពីតម្លៃពិតាននេះទៅតាមដំណាក់កាល និងកែសម្រួលបើសិនជាចាំបាច់។
ប្រទេសរុស្ស៊ី អាចទទួលបានផលចំណេញទៅតាមតម្លៃប្រេង Brent បើសិនមិនមានការកំណត់តម្លៃពិតាន ដោយសារតម្លៃប្រេងរបស់ប្រទេសនេះអាចកើនឡើងនៅពេលតម្លៃប្រេង Brent ឡើងថ្លៃទៅតាមការកាត់បន្ថយប្រភពផ្គត់ផ្គង់របស់ ទីក្រុងមូស្គូ ព្រោះថា រុស្ស៊ី គឺជាអ្នកផលិតប្រេងធំជាងគេមួយក្នុងពិភពលោក។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក Janet Yellen និងក្រុមមន្ត្រីដទៃទៀតរបស់ G7 បានឯកភាពអនុវត្តការកំណត់តម្លៃពិតានចំពោះប្រេងឆៅរបស់ រុស្ស៊ី ចាប់ពីថ្ងៃទី 05 ធ្នូ 2022 និងបណ្ដាផលិតផលកែច្នៃពីប្រេងឆៅចាប់ពីថ្ងៃទី 05 កុម្ភៈ 2023។
ចំណែកភាគីប្រទេសរុស្ស៊ី វិញ បាននិយាយថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងទៅឱ្យបណ្ដាប្រទេសដែលកំណត់តម្លៃពិតាននេះជាដាច់ខាត៕