នាថ្ងៃទី 04 វិច្ឆិកានេះ កងទ័ពកូរ៉េខាងត្បូង បានប្រកាសថា នឹងធ្វើសមយុទ្ធយោធាលើប្រព័ន្ធកុំព្យូទ័រប្រចាំឆ្នាំដែលមានឈ្មោះថា Taegeuk នៅសប្ដាហ៍ក្រោយ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីសំណាក់ កូរ៉េខាងជើង។
យោងតាម អគ្គសេនាធិការចម្រុះ (JCS) របស់ កូរ៉េខាងត្បូង សមយុទ្ធថ្នាក់បញ្ជាការដ្ឋាននេះនឹងអូសបន្លាយពេល 4 ថ្ងៃ ដោយគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី 07 វិច្ឆិកា។ សមយុទ្ធនេះនឹងធ្វើការហ្វឹកហាត់សមត្ថភាពប្រយុទ្ធនៅចំពោះមុខការគំរាមកំហែងនានា ក្នុងនោះក៏មានកម្មវិធីមីស៊ីលនុយក្លេអែររបស់ កូរ៉េខាងជើង និងសកម្មភាពបង្កហេតុនានាក្នុងពេលថ្មីៗនេះរបស់ ទីក្រុងព្យុងយ៉ាង។
បណ្ដាសមយុទ្ធការពារបែបនេះ មិនរួមបញ្ចូលជាមួយនឹងការហ្វឹកហាត់នៅលើទីតាំងជាក់ស្ដែងនោះទេ ប៉ុន្តែនឹងផ្ដោតទៅលើការបង្កើនសមត្ថភាពដោះស្រាយវិបត្តិ និងសមត្ថភាពសម្របខ្លួនទៅក្នុងសម័យសង្គ្រាម។
សមយុទ្ធលើកុំព្យូទ័រនេះនឹងមានការចូលរួមរបស់បណ្ដាទីបញ្ជាការប្រយុទ្ធរបស់ទ័ពជើងទឹក ជើងគោក និងជើងអាកាសរបស់ កូរ៉េខាងត្បូង៕