រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodriguez បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ 2019 រដ្ឋាភិបាលអាម៉េរិក បានបង្កើនការហ៊ុមព័ទ្ធ ដាក់ទណ្ឌកម្មលើ គុយបា ក្នុងបំណងធ្វើឱ្យ ប្រជាជនគុយបា រស់នៅក្នុងស្ថានភាពកាន់តែលំបាក។
កាលពីថ្ងៃទី 03 វិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី 77 បានអនុម័តសេចក្ដីសម្រេចលើកទី 30 ដែលថ្កោលទោសចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ សហរដ្ឋអាម៉េរិក ទៅលើ គុយបា។ សេចក្ដីសម្រេចនេះទទួលបានសន្លឹកឆ្នោតគាំទ្រ 185/193 សំឡេង។
ថ្លែងនៅមុនការបោះឆ្នោត រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodriguez បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ 2019 រដ្ឋាភិបាលអាម៉េរិក បានបង្កើនការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ គុយបា ក្នុងបំណងធ្វើឱ្យ ប្រជាជនគុយបា រស់នៅក្នុងស្ថានភាពកាន់តែលំបាក។
ក្នុងរយៈពេល 14 ខែដំបូងរបស់ រដ្ឋាភិបាលលោក ចូ បៃដិន ទណ្ឌកម្មសេដ្ឋកិច្ចរបស់ សហរដ្ឋអាម៉េរិក បានធ្វើឱ្យ គុយបា ខាតបង់ 6.35 ពាន់លានដុល្លារ ដែលស្មើនឹង 15 លានដុល្លារ/ថ្ងៃ។
រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodriguez ក៏យល់ថា រដ្ឋាភិបាលរបស់លោក បៃដិន កំពុងតែបន្តអនុវត្តគោលនយោបាយ «ដាក់សម្ពាធជាអតិបរមា» ពីសម័យប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះ គុយបា។
លោក Bruno Rodriguez ឱ្យដឹងថា ក្នុងប៉ុន្មានខែកន្លងមកនេះ ថ្វីបើមានការកែសម្រួលជាវិជ្ជមានខ្លះ ប៉ុន្តែនៅតែមានការកំណត់ចំនួនជើងហោះហើរជាដើម របស់ សហរដ្ឋអាម៉េរិក ទៅកាន់ គុយបា។
នេះគឺជាលើកទី 30 ហើយ ដែលមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសេចក្ដីសម្រេចដែលស្នើឡើងជារៀងរាល់ឆ្នាំដោយ គុយបា ដើម្បីអំពាវនាវឱ្យដកទណ្ឌកម្ម ហើយសុទ្ធតែទទួលបានសំឡេងគាំទ្រច្រើនលើសលុប។
ក៏ប៉ុន្តែ សេចក្ដីសម្រេចរបស់ មហាសន្និបាតអង្គការសហប្រជាជាតិមានអំណាចតែក្នុងផ្នែកនយោបាយប៉ុណ្ណោះ ពោលគឺមិនមានលក្ខណៈចាប់បង្ខំឡើយ៕