ករណី​បាក់​ស្ពាន​យោល​សម្លាប់​មនុស្ស​ជាង​រយ​នា​ក់នៅ ឥណ្ឌា ៖ ក្រុមហ៊ុន​ជួសជុល​ត្រូវបាន​ចោទប្រកាន់

ក្រុមមន្ត្រី​ឥណ្ឌា បាន​ចោទថា ក្រុមហ៊ុន​ជំនាញ​ខាង​ផលិត​នាឡិកា Oreva ដែល​ទទួលបាន​សិទ្ធិ​ជួសជុល​ស្ពាន​យោល Morbi ត្រូវតែ​ទទួលខុសត្រូវ​ក្នុងករណី​បាក់​ស្ពាន​ដែល​បាន​បណ្ដាលឱ្យ​មនុស្ស 135 នាក់​បាត់​បង់ជីវិត។

«Oreva បាន​ជួល​ក្រុមហ៊ុន​ម៉ៅការ​ដែល​មិនមាន​សមត្ថភាព​គ្រប់គ្រាន់។ ខ្សែកាប​សំខាន់​ជាងគេ​របស់​ស្ពាន​មិន​ត្រូវបាន​ផ្លាស់ប្ដូរ​នៅក្នុង​ការជួសជុល» រដ្ឋអាជ្ញា​តុលាការ​ឥណ្ឌា Harshendu Panchal បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្រោយ​សវនាការ​កាលពី​ថ្ងៃទី 01 វិច្ឆិកា និង​បានឱ្យដឹងថា ខ្សែកាប​សំខាន់បំផុត​របស់​ស្ពាន Morbi ត្រូវ​ច្រែះ​ស៊ី​ទៅហើយ។

លោក Panchal ក៏បាន​និយាយថា ប៉ូលិស​បាន​រកឃើញថា ក្រុមហ៊ុន​ដំឡើង​បន្ទះ​អា​លុយ​មី​ញូ​ម 4 ជាន់​នៅលើ​ស្ពាន Morbi ធ្វើឱ្យ​ទម្ងន់​របស់​ផ្ទៃ​ស្ពាន​ត្រូវ​ធ្ងន់​ថែម​មួយកម្រិត​ទៀត ដែល​នេះ​នាំឱ្យ​ស្ពាន​ត្រូវ​បាក់​នៅពេល​មាន​មនុស្ស​ច្រើន​នៅ​ពីលើ។

ស្ពាន​យោល Morbi ប្រវែង 230 ម៉ែត្រ ដែលជា​ទីតាំង​ទាក់ទាញ​ទេសចរ​ខ្លាំង​នៅ​ទីរួមស្រុក Morbi ក្នុង​រដ្ឋ Gujarat គឺជា​ស្ពាន​ដែល​សាងសង់​កាលពី​សម័យ​អាណានិគម​អង់គ្លេស ហើយ​បាន​បើក​ដំណើរការ​ឡើងវិញ​បន្ទាប់ពី​ការជួសជុល​ជិត 7 ខែ។

Deepak Parekh អ្នកគ្រប់គ្រង​ក្រុមហ៊ុន Oreva បាន​ប្រាប់​តុលាការ​ថា ករណី​បាក់​ស្ពាន​យោល Morbi គឺ​កើតឡើង​ដោយសារ «បំណង​របស់​ព្រះ»។ Parekh រួម​នឹង​មនុស្ស 8 នាក់​ផ្សេងទៀត ក្នុងនោះ​រួមមាន អ្នកម៉ៅការ 2 នាក់, បុគ្គលិក​លក់​សំបុត្រ 5 នាក់ និង​សន្តិសុខ​ការពារ​ស្ពាន Morbi 1 នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ដើម្បី​បម្រើឱ្យ​ការស៊ើបអង្កេត៕

Leave a Comment