សេត​វិមាន​និយាយថា កូរ៉េខាងជើង កំពុង​ជញ្ជូន​គ្រាប់កាំភ្លើង​ធំ​ឱ្យ រុស្ស៊ី

សេត​វិមាន បានឱ្យដឹងថា កូរ៉េខាងជើង កំពុង​ជញ្ជូន​គ្រាប់កាំភ្លើង​ធំ​យ៉ាងច្រើន​ទៅឱ្យ រុស្ស៊ី ដើម្បី​ប្រើប្រាស់​នៅ អ៊ុយ​ក្រែ​ន ដោយ​ដាក់​ក្នុង​ប្រអប់​ទំនិញ​ទៅកាន់ មជ្ឈិមបូព៌ា ឬ ទ្វីបអាហ្វ្រិក។

«សហរដ្ឋ​អាម៉េរិក ទទួលបាន​ព័ត៌មាន​ថា កូរ៉េខាងជើង កំពុង​ផ្គត់ផ្គង់​ដោយ​សម្ងាត់​នូវ​គ្រាប់កាំភ្លើង​ធំ​ក្នុង​បរិមាណ​ច្រើន​សម្រាប់​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន ដោយ​លាក់​គោលដៅ​តាមរយៈ​ការបង្កើត​ប្រអប់​ដែល​និយាយថា ពួកវា​កំពុង​ត្រូវបាន​ដឹក​ទៅកាន់ មជ្ឈិមបូព៌ា ឬ អាហ្វ្រិក​ខាងជើង» អ្នកនាំពាក្យ​របស់ ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក John Kirby ឱ្យដឹង​កាលពី​ថ្ងៃទី 02 វិច្ឆិកា។

ក្រុមមន្ត្រី​អាម៉េរិក មិន​ប្រាកដថា រុស្ស៊ី បានទទួល​ទំនិញ​នេះហើយ ឬ​នៅ និង​កំពុង​តាមដាន​សភាពការណ៍ ហើយ​ថា នឹង​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ ពិសេស​គឺ​នៅ អង្គការសហប្រជាជាតិ ដើម្បី​មាន​វិធានការ​ទប់ទល់។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក Ned Price យល់ថា ប្រទេស​នេះ​អាច​នឹងដាក់​ទណ្ឌកម្ម​បន្ថែម​ដូច​ទៅនឹង​ករណី អ៊ីរ៉ង់ ផ្ដល់​អាវុធ​ឱ្យ រុស្ស៊ី បើទោះជា ក្រុង​តេ​ហេ​រ៉ង់ និង មូ​ស្គូ សុទ្ធតែ​បាន​ច្រានចោល​ការចោទប្រកាន់។

ភាគី​ខាង​ រុស្ស៊ី និង កូរ៉េខាងជើង មិនទាន់មាន​ការអធិប្បាយ​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ​នៅឡើយ។

កូរ៉េខាងជើង នៅតែ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ រុស្ស៊ី ក្នុង​គ្រា​ដែល​បណ្ដា​ប្រទេស​លោកខាងលិច ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ ដោយសារតែ​ការចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។ ទីក្រុង​ព្យុងយ៉ាង ក៏បាន​ចោទថា សហរដ្ឋ​អាម៉េរិក គឺជា​ដើមហេតុ​បង្កឱ្យមាន​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន និង​បាន​ហៅ​គោលនយោបាយ «អនុត្តរភាព» របស់​បស្ចិម​លោក ថា​ជា​មូលហេតុ​ដែលនាំឱ្យ រុស្ស៊ី ត្រូវ​បើក​យុទ្ធនាការ​យោធា​ដើម្បី​ការពារ​ខ្លួន៕

Leave a Comment