កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ប្លោង ធ្វើឱ្យ ជប៉ុន ប្រកាស​ជម្លៀស​ប្រជាជន

កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ប្លោង​ចំនួន 2 គ្រាប់ ក្នុងនោះ​មាន 1 គ្រាប់​ជា​ប្រភេទ​រយៈ​ចម្ងាយ​ឆ្ងាយ បណ្ដាលឱ្យ ជប៉ុន ត្រូវ​ប្រកាស​ឱ្យ​ឈ្លៀស​ប្រជាជន​ក្នុង​ខេត្ត​ចំនួន 3 នៅ​ភាគ​កណ្ដាល។

«កូរ៉េខាងជើង ទំនងជា​បាន​បាញ់​មី​ស៊ី​ល។ ចូរ​ស្វែងរក​ជម្រក​សុវត្ថិភាព​នៅក្នុង​ផ្ទះ ឬ​បន្ទប់ក្រោមដី។ បទបញ្ជា​ជម្លៀស​ត្រូវអនុវត្ត​សម្រាប់​បណ្ដា​ខេត្ត​នៅ​ភាគ​កណ្ដាល Miyagi, Niigata និង Yamagata» រាជរដ្ឋាភិបាល​ជប៉ុន បានឱ្យដឹង​ដូច្នេះ​នៅក្នុង​សេចក្ដី​ប្រកាសជូន​ដល់​ប្រជាជន​កាលពី​ម៉ោង 7 និង 50 នាទី​ថ្ងៃនេះ ត្រូវ​នឹង​ម៉ោង 5 និង 50 នាទី​នៅ កម្ពុជា។

អាជ្ញាធរ​ជប៉ុន បានឱ្យដឹងថា មី​ស៊ី​ល​មិន​ត្រូវបាន​បាញ់​ស្កាត់ និង​បាន​ធ្លាក់​ទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែល កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល និង​បង្ខំ​ឱ្យ ជប៉ុន ប្រកាស​ជម្លៀស​ប្រជាជន​នៅក្នុង​រង្វង់ 1 ខែ​កន្លងមកនេះ។

ក្រសួងការពារជាតិ​ជប៉ុន ក្រោយមក​បាន​និយាយថា មី​ស៊ី​ល​មិនបាន​ហោះ​ឆ្លងកាត់​ទឹកដី​ប្រទេស​នេះ​ដូច​ការព្រមាន និង​បានប្រកាសថា កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ប្លោង​ចំនួន 2 គ្រាប់​បន្ថែមទៀត។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន Yasukazu Hamada ទទួលស្គាល់ថា ព័ត៌មាន​ដំបូង​គឺជា​ការយល់ច្រឡំ ដោយសារតែ​ប្រទេស​នេះ «បាត់ដាន​របស់​មី​ស៊ី​ល នៅពេល​វា​ហោះ​ឆ្លងកាត់​សមុទ្រ​ជប៉ុន»។

អាជ្ញាធរ​កូរ៉េខាងជើង មិនទាន់មាន​ប្រតិកម្ម​ណាមួយ​ឆ្លើយតប​នឹង​ព័ត៌មាន​ខាងលើ​នៅឡើយ។

ករណី​បាញ់​មី​ស៊ី​ល​ខាងលើ​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ច្រើន​ប្រភេទ​យ៉ាងតិច 23 គ្រាប់​កាលពី​ថ្ងៃទី 02 វិច្ឆិកា ដែល​នេះ​គឺជា​តួលេខ​ច្រើន​មិន​ធ្លាប់មាន​ពីមុនមក។

សម្មភាព​យោធា​របស់​ភាគី​នានា កំពុងតែ​ធ្វើឱ្យ ឧបទ្វីប​កូរ៉េ «ឡើងក​ម្ដៅ» នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មី​ស៊ី​ល​ជាច្រើនលើក ដោយ​លើក​មូល​ហេតុថា ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់ អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន។ ចំណែក សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ថ្កោលទោស​ករណី​បាញ់​ប្លោង​មី​ស៊ី​ល​របស់ ព្យុងយ៉ាង ដោយ​ចាត់ទុកថា នោះ​គឺជា​សកម្មភាព​បង្កហេតុ និង​នាំឱ្យមាន​អស្ថិរភាព ព្រមទាំង​បង្កើន​ការធ្វើ​សមយុទ្ធ​រួម៕

Leave a Comment