ឯកសារសាងសង់បានបង្ហាញថា សណ្ឋាគារ Hamilton ដែលនៅជាប់នឹងកូនផ្លូវក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នាស្លាប់ជាងរយនាក់នៅ Itaewon បានពង្រីកផ្ទៃដីដោយខុសច្បាប់ បណ្ដាលឱ្យផ្លូវកាន់តែចង្អៀត។
សារព័ត៌មាន Yonhap កាលពីថ្ងៃទី 01 វិច្ឆិកា ដកស្រង់ឯកសារសាងសង់ បានឱ្យដឹងថា សណ្ឋាគារ Hamilton បានសាងសង់លម្ហទំហំ 17.2 ម៉ែត្រក្រឡានៅខាងជើងអគារធំដោយខុសច្បាប់។
បរិវេណលម្ហនេះស្ថិតនៅជាប់នឹង «ផ្លូវមរណៈ» ជាទីដែលបានកើតមានហេតុការណ៍ប្រជ្រៀតជាន់គ្នាស្លាប់យ៉ាងតិច 156 នាក់ កាលពីថ្ងៃទី 29 តុលា។ កូនផ្លូវជ្រាលដែលមានភោជនីយដ្ឋាន និងបារជាច្រើននេះ មានប្រវែងប្រហែល 45 ម៉ែត្រ ទទឹងប្រហែល 5 ម៉ែត្រត្រង់ចំណុចទួល និង 3.2 ម៉ែត្រត្រង់ចំណុចជម្រាល។
ផ្ទៃដីដែលសណ្ឋាគារ Hamilton បានពង្រីក បាននាំឱ្យកូនផ្លូវនេះកាន់តែតូចចង្អៀតបន្ថែមទៀត។ អាជ្ញាធរខណ្ឌ Yonsan បានឱ្យដឹងថា បានប្រកាសប្រាប់ខាងសណ្ឋាគារអំពីការរំលោភច្បាប់នេះ និងបានសម្រេចដាក់ពិន័យកាលពីឆ្នាំមុន ប៉ុន្តែ ពួកគេមិនមានសិទ្ធិបង្ខំឱ្យសណ្ឋាគារនេះរុះរើត្រង់ចំណុចពង្រីកខុសច្បាប់នោះឡើយ។
ក្នុងថ្ងៃដដែល អគ្គស្នងការនគរបាលជាតិកូរ៉េខាងត្បូង លោក Yoon Hee-keun បានឱ្យដឹងថា ប៉ូលិសនឹងពិនិត្យលើលទ្ធភាពនៃការរំលោភច្បាប់របស់សណ្ឋាគារ ក៏ដូចជាលទ្ធភាពដែលទាក់ទិនគ្នា រវាងផ្ទៃដីដែលសណ្ឋាគារបានពង្រីក និងហេតុការណ៍ដ៏រន្ធត់នេះ៕