កូរ៉េខាងត្បូង បាញ់​មី​ស៊ី​ល​ឆ្លងកាត់​ដែនសមុទ្រ​ជាមួយ កូរ៉េខាងជើង

F-15K របស់​ កូរ៉េខាងត្បូង បាញ់​មីស៊ីល​កាល​ពី​ឆ្នាំ 2017

កូរ៉េខាងត្បូង ប្រកាសថា បាន​បាញ់​មី​ស៊ី​ល 3 គ្រាប់​សំដៅទៅ​ភាគ​ខាងជើង​នៃ​ដែនទឹក​ជាមួយនឹង កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​ទៅនឹង​ករណី ទីក្រុង​ព្យុងយ៉ាង បាញ់​មី​ស៊ី​ល​ប្លោង 10 គ្រាប់​នាពេល​កន្លង។

«យន្តហោះ​ចម្បាំង F-15K និង KF-16 របស់ កូរ៉េខាងត្បូង បាន​បាញ់​មី​ស៊ី​ល​អាកាស​ប្រឆាំង​ដី​ចំ​គោលដៅ​កម្រិត​ខ្ពស់​ទៅកាន់​តំបន់​សមុទ្រ​ភាគ​ខាងជើង​នៃ​បន្ទាត់​ព្រំដែន​ភាគ​ខាងជើង (NLL) ដើម្បី​ឆ្លើយតប​ទៅនឹង​ការដែល កូរ៉េខាងជើង បាញ់​មី​ស៊ី​ប្លោង​រយៈ​ចម្ងាយ​ជិត» អគ្គសេនាធិការ​រួម​កូរ៉េខាងត្បូង (JCS) ឱ្យដឹង​នា​ថ្ងៃនេះ​ដូច្នេះ ប៉ុន្តែ​មិនបាន​បង្ហើប​អំពី​ប្រភេទ​របស់​មី​ស៊ី​ល​ដែល​ទើបបាន​បាញ់។

មុន​នោះ JCS បានប្រកាសថា កូរ៉េខាងជើង នា​ថ្ងៃទី 02 វិច្ឆិកា បាន​បាញ់​មី​ស៊ី​ល​ប្លោង​ជាង 10 គ្រាប់​ទៅកាន់​តំបន់​សមុទ្រ​ភាគ​ខាងកើត​របស់ ឧបទ្វីប​កូរ៉េ ក្នុងនោះ​មាន 1 គ្រាប់​បាន​ហោះ​រំលង NLL មុនពេល​ធ្លាក់​ទៅក្នុង​សមុទ្រ និង 1 គ្រាប់​ទៀត​ធ្លាក់​នៅក្នុង​តំបន់​សមុទ្រ​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Sokcho ប្រហែល 57 គីឡូម៉ែត្រ​ទៅ​ទិសអាគ្នេយ៍។

គ្រាប់​មី​ស៊ី​ល​ទី 3 របស់ កូរ៉េខាងជើង ហោះ​ឆ្ពោះទៅកាន់​កោះ Ulleungdo មុនពេល​ធ្លាក់​ក្នុង​ដែនសមុទ្រ​អន្តរជាតិ។ មី​ស៊ី​ល 1 គ្រាប់​នេះ​បានធ្វើឱ្យ​ក្រុមមន្ត្រី​នៅ កូរ៉េខាងត្បូង ត្រូវ​ប្រកាសអាសន្ន និង​បញ្ជា​ឱ្យ​ឈ្លៀសមនុស្ស​នៅលើ​កោះ​នេះ។

ទីក្រុង​សេ​អ៊ូ​ល បានប្រកាសថា ការបាញ់​មី​ស៊ី​ល​របស់ខ្លួន​នេះ​គឺ​ចង់​បង្ហាញថា កូរ៉េខាងត្បូង មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​វាយប្រហារ​សង​សឹក​ទៅលើ​រាល់​គោលដៅ​នៅ កូរ៉េខាងជើង និង​ចំ​គោលដៅ​កម្រិត​ខ្ពស់បំផុត។

សម្មភាព​យោធា​របស់​ភាគី​នានា កំពុងតែ​ធ្វើឱ្យ ឧបទ្វីប​កូរ៉េ «ឡើងក​ម្ដៅ» នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មី​ស៊ី​ល​ជាច្រើនលើក ដោយ​លើក​មូល​ហេតុថា ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់ អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន។ ចំណែក សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ថ្កោលទោស​ករណី​បាញ់​ប្លោង​មី​ស៊ី​ល​របស់ ព្យុងយ៉ាង ដោយ​ចាត់ទុកថា នោះ​គឺជា​សកម្មភាព​បង្កហេតុ និង​នាំឱ្យមាន​អស្ថិរភាព ព្រមទាំង​បង្កើន​ការធ្វើ​សមយុទ្ធ​រួម៕

Advertisement