Skip to content

ពលរដ្ឋ​កូរ៉េខាងត្បូង បារម្ភ​អំពី «រថភ្លើង​អគ្គិសនី​ក្រោម​ដី​មាន​ហានិភ័យ​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​ដូច​កូន​ផ្លូវ​នៅ Itaewon»

Lee អាយុ 30 ឆ្នាំ ជា​បុគ្គលិក​ការិយាល័យ មានការ​ពិបាក​ដកដង្ហើម​នៅពេល​ធ្វើដំណើរ​លើ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​លេខ 9 នៅ សេ​អ៊ូ​ល។

«ខ្ញុំ​មិនអាច​ដកដង្ហើម​បាន។ នេះ​មិនមែនជា​លើកដំបូង​ដែល​ខ្ញុំ​ពិបាក​ដកដង្ហើម​នៅពេល​ទៅធ្វើ​ការ​ដោយ​ជិះ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នាពេល​ព្រឹក ប៉ុន្តែ​ការធ្វើដំណើរ​នៅ​ព្រឹក​នេះ​ពិត​ជាមាន​សភាព​ធ្ងន់ធ្ងរ អារម្មណ៍​ដូចជា​កំពុងស្ថិត​ក្នុង​ភាពច្របូកច្របល់» Lee ដែល​បានធ្វើ​ដំណើរ​ពី​ស្ថានីយ Dangsan ទៅកាន់ Sinnonhyeon និយាយ​ដូច្នេះ​នៅពេល​ចាក​ចេញពី​រថភ្លើង​កាលពី​ព្រឹក​ថ្ងៃទី 31 តុលា។

នាង​បានឱ្យដឹងថា រថភ្លើង​ខ្សែ​លេខ 9 តែងតែ​លើស​ចំណុះ​នៅក្នុង​ម៉ោង​ប្រញាប់។ នៅពេល​មនុស្សម្នា​បន្ត​ប្រជ្រៀត​គ្នា​ចូលទៅក្នុង​ទូរថភ្លើង​ដែល​កំពុង​ពេញ​ណែន Lee ចេះតែ​គិតដល់​ហេតុការណ៍​ដែល​អាច​កើតឡើង​ដូច​ទៅនឹង​ករណី​ប្រជ្រៀត​គ្នា​ស្លាប់​រាប់រយ​នាក់​នៅ Itaewon រដ្ឋធានី​សេ​អ៊ូ​ល កាលពី​ថ្ងៃទី 29 តុលា 2022។

ខាងក្នុង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅ កូរ៉េខាងត្បូង

«បើទោះជា​ខ្ញុំ​មិន​មានមុខ​ក្នុង​ហេតុការណ៍​នៅ Itaewon កាលពី​យប់នោះ ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា​ការស្លាប់​ដ៏​សាហាវ​អាច​កើតឡើង​នៅលើ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នេះ» Lee រៀបរាប់​ដូច្នេះ។

កាលពី​ព្រលប់​ថ្ងៃទី 29 តុលាឆ្នាំ 2022 ហេតុការណ៍​ដ៏​មហា​អាក្រក់​មួយ​បានកើត​ឡើង នៅពេល​មនុស្សម្នា​ចូលរួម​ពិធីបុណ្យ Halloween ប្រជ្រៀត​ជាន់គ្នា​នៅក្នុង​ផ្លូវ​តូច​មួយ​នៅ​ទីប្រជុំជន Itaewon បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច 156 នាក់ និង​របួស 151 នាក់ គិត​ត្រឹម​ថ្ងៃទី 01 វិច្ឆិកា។

ពលរដ្ឋ​កូរ៉េខាងត្បូង កន្លងមក​បាន​ស៊ាំ​ទៅនឹង​ស្ថានភាព​មនុស្ស​ច្រើន ការ​ប្រជ្រៀត​គ្នា​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង និង​ក្នុង​រថភ្លើង​ក្រោម​ដី នេះ​បើតាម Park Cheong-woong សាស្ត្រាចារ្យ​មួយរូប​មកពី​សាកលវិទ្យាល័យ Sejong។ ក៏ប៉ុន្តែ ហេតុការណ៍​ខាងលើ​កំពុងតែ​ជះឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទាំងមូល​នៅ កូរ៉េខាងត្បូង។

ហេតុការណ៍​ប្រជ្រៀត​ជាន់​គ្នា​ស្លាប់​ជាង​រយ​នាក់​នៅ សេអ៊ូល កាល​ពី​ថ្ងៃទី 29 តុលា 2022

Lee Song-Kyu ដែលជា​មេដឹកនាំ​របស់​សមាគម​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​របស់ កូរ៉េខាងត្បូង បាន​ព្រមាន​ថា ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​អាច​កើត​មាននៅ​គ្រប់​ព្រឹត្តិការណ៍ ឬ​កម្មវិធី​ប្រមូលផ្ដុំ​គ្នាធំ៕

Leave a Reply

Your email address will not be published. Required fields are marked *