Skip to content

កូរ៉េខាងជើង​បាញ់​ប្លោង​មី​ស៊ី​ល ធ្វើឱ្យ​កូរ៉េខាងត្បូង​ប្រកាសអាសន្ន

កូរ៉េខាងត្បូង បានប្រកាស​អាសន្ន និង​ឈ្លៀស​ប្រជាជន​នៅលើ​កោះ Ulleungdo នៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត បន្ទាប់ពី​បានឃើញ​មី​ស៊ី​ល​របស់ កូរ៉េខាងជើង ហោះ​សំដៅ​មក​កោះ​នេះ។

អគ្គសេនាធិការ​រួម​កូរ៉េខាងត្បូង (JSC) នៅ​ថ្ងៃទី 02 វិច្ឆិកា ប្រកាសថា កូរ៉េខាងជើង បាញ់​ប្លោង​មី​ស៊ី​ល​មួយ​គ្រាប់​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ សំដៅ​ទៅកាន់​សមុទ្រ​ភាគ​ខាងកើត។ ករណី​បាញ់​ប្លោង​នេះ​កើតឡើង​នៅពេល​កងទ័ពអាកាសរ​បស់ សហរដ្ឋ​អាម៉េរិក និង កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​រួម​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​ចាប់ពី​ថ្ងៃទី 31 តុលា ដល់ 04 វិច្ឆិកា។

ក្រុមមន្ត្រី​កូរ៉េខាងត្បូង បានប្រកាស​អាសន្ន​ថា​មានការ​វាយប្រហារ​តាម​អាសន្ន និង​ឈ្លៀសមនុស្ស​នៅលើ​កោះ Ulleungdo នៅ​ភាគ​ខាងកើត​របស់ ឧបទ្វីប​កូរ៉េ។ ក្រុមមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បានឱ្យដឹងថា មី​ស៊ី​ល​របស់ កូរ៉េខាងជើង ហោះ​សំដៅ​មកកាន់​កោះ Ulleungdo មុនពេល​ធ្លាក់​ទៅក្នុង​សមុទ្រ។

មកដល់ពេលនេះ មន្ត្រី​កូរ៉េខាងជើង មិនទាន់​ប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​ការបាញ់​ប្លោង​គ្រាប់​មី​ស៊ី​ល​នេះ​នៅឡើយ។

រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង កាលពី​ថ្ងៃទី 01 វិច្ឆិកា បានស្នើ​ឱ្យ អាម៉េរិក និង កូរ៉េខាងត្បូង បញ្ឈប់​សកម្មភាព​សម​យុទ្ធ និង​បាន​ព្រមាន​ថា បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ការពារ​ប្រទេសជាតិ។ កូរ៉េខាងជើង ក៏បាន​ព្រមាន​ថា នឹង​ពិនិត្យ​លទ្ធភាព​សម្រាប់​ការឆ្លើយតប​ខ្លាំងក្លា​ជាង​មុន។

សម្មភាព​យោធា​របស់​ភាគី​នានា កំពុងតែ​ធ្វើឱ្យ ឧបទ្វីប​កូរ៉េ «ឡើងក​ម្ដៅ» នា​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ កូរ៉េខាងជើង បាន​បាញ់​ប្លោង​មី​ស៊ី​ល​ជាច្រើនលើក ដោយ​លើក​មូល​ហេតុថា ដើម្បី​ឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់ អាម៉េរិក កូរ៉េខាងត្បូង និង​ជប៉ុន។ ចំណែក សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត ក៏បាន​ថ្កោលទោស​ករណី​បាញ់​ប្លោង​មី​ស៊ី​ល​របស់ ព្យុងយ៉ាង ដោយ​ចាត់ទុកថា នោះ​គឺជា​សកម្មភាព​បង្កហេតុ និង​នាំឱ្យមាន​អស្ថិរភាព ព្រមទាំង​បង្កើន​ការធ្វើ​សមយុទ្ធ​រួម៕

Leave a Reply

Your email address will not be published. Required fields are marked *