របាយការណ៍ថ្មីរបស់ ក្រុមប្រទេសផលិតប្រេង (OPEC) យល់ថា តម្រូវការប្រេងហ្វូស៊ីល នឹងនៅតែកើនឡើងខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ដោយឡើងដល់ជិត 110 លានធុង/ថ្ងៃនៅក្នុងឆ្នាំ 2040។
OPEC យល់ថា តម្រូវការប្រើប្រាស់ប្រេងនឹងកើនឡើងខ្ពស់នៅពេលចំនួនប្រជាជន និងសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រីកចម្រើនខ្លាំង។ អង្គការនេះអះអាងថា តម្រូវការប្រេងក្នុងឆ្នាំ 2025 នឹងឡើងដល់ 105.5 លានធុងជារៀងរាល់ថ្ងៃ ច្រើនជាងប្រហែល 2 លានធុង/ថ្ងៃ ធៀបនឹងការព្យាករដែលបានលើកឡើងកាលពីឆ្នាំកន្លង។ ឆ្នាំ 2021 ពិភពលោកបានប្រើប្រាស់ប្រេង 97 លានធុង/ថ្ងៃ។
ការដែលតម្រូវការប្រេងនៅ ប្រទេសចិន បន្ថយល្បឿនមកវិញ រួមនឹងការចាកចោលឥន្ធនៈហ្វូស៊ីលរបស់ប្រទេសលោកខាងលិច នឹងនាំឱ្យកំណើននៃតម្រូវការប្រេងរ៉ែត្រូវធ្លាក់ចុះ ហើយនឹងចុះទាបបំផុតនៅពាក់កណ្ដាលទសវត្សរ៍ខាងមុខ។ ក៏ប៉ុន្តែ OPEC នៅតែយល់ថា តម្រូវការប្រេងរបស់ពិភពលោលនឹងឡើងដល់ជិត 110 លានធុង/ថ្ងៃ ចាប់ពីឆ្នាំ 2040 កើនឡើងជិត 2 លានធុង/ថ្ងៃ ធៀបនឹងការព្យាករ 108.2 លានធុង/ថ្ងៃដែលពួកគេបានព្យាករកាលពីឆ្នាំ 2021។
OPEC ព្យាករថា ចំនួនប្រជាជនទូទាំងពិភពលោកនឹងកើន 1.6 ពាន់លាននាក់បន្ថែមទៀតចាប់ពីពេលនេះដល់ឆ្នាំ 2045។ 96% នៃកំណើនរបស់ប្រជាជនថ្មីនេះគឺស្ថិតនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ដូច្នេះ បើទោះតម្រូវប្រេងរបស់បណ្ដាប្រទេសអ្នកមានក្នុងក្រុម OECD នៅឆ្នាំ 2045 នឹងថយចុះ 10.7 លានធុង/ថ្ងៃ ក៏តម្រូវការប្រេងក្នុងបណ្ដាប្រទេសនៅក្រៅក្រុមនេះ កើន 23.6 លានធុង/ថ្ងៃ។
យោងតាម OPEC ថាមពលហ្វូស៊ីល រួមមានប្រេងរ៉ែ ធ្យូងថ្ម និងឧស្ម័នធម្មជាតិនឹងនៅតែគ្រប់គ្រងទីផ្សារច្រើនទសវត្សរ៍ទៀត។ ថាមពលនេះនឹងកាន់កាប់ប្រហែល 70% ក្នុងចំណោមថាមពលសរុបរបស់ពិភពលោកនៅឆ្នាំ 2045 ដោយថយចុះបន្តិចធៀបនឹង 80% នាបច្ចុប្បន្ន។ ការថយចុះនេះបណ្ដាលមកពីការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។ ចំណែកប្រេងឧស្ម័នវិញ នឹងមិនមានការប្រែប្រួលឡើយ។
OPEC គិតថា វិស័យឧស្សាហកម្មថាមពលហ្វូស៊ីលនឹងត្រូវការខ្ទង់ប្រាក់វិនិយោគ 12.1 ទ្រីលាន ( 12,100,000,000,000) ដុល្លារអាម៉េរិក រហូតដល់ឆ្នាំ 2045 ដើម្បីឆ្លើយតបនឹងតម្រូវការ និងធានាសន្តិសុខថាមពលរបស់ពិភពលោក។ តួលេខនេះខ្ពស់ជាង 3 សែនលាន ( 300,000,000,000) ដុល្លារ ធៀបនឹងការព្យាករកាលពីឆ្នាំមុន។
ក៏ប៉ុន្តែ អង្គការថាមពលអន្តរជាតិ (IEA) បានឱ្យដឹងថា ខ្ទង់ប្រាក់វិនិយោគថ្មីសម្រាប់ឥន្ធនៈហ្វូស៊ីល ត្រូវតែផ្អាកជាបណ្ដោះអាសន្ន បើសិនពិភពលោកចង់ឱ្យកម្ដៅរបស់ផែនដីស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន៕