Skip to content

កូរ៉េខាងត្បូង ផ្ដល់​សំណង​ដល់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​នៅ​សេ​អ៊ូ​ល

អាជ្ញាធរ​កូរ៉េខាងត្បូង ផ្ដល់​សំណង​ឡើងដល់ 14,000 ដុល្លារ ក្នុង​មនុស្ស​ម្នាក់​ដែល​បាន​ស្លាប់ និង​ផ្ដល់ជំនួយ​ជា​ប្រាក់​សម្រាប់​ពិធី​បុណ្យសព និង​យានយន្ត​ដឹកជញ្ជូន​សព។

រដ្ឋាភិបាល​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី 31 តុលា បានប្រកាស​អំពី​ខ្ទង់​ប្រាក់​សំណង​សម្រាប់​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ប្រជ្រៀត​គ្នា​ស្លាប់​នៅ​ក្រុង Itaewon។ យោងតាម​គោលការណ៍​ក្នុងការ​ផ្ដល់ជំនួយ​រប​ស់ ក្រសួងសន្តិសុខមាតុភូមិរបស់កូរ៉េ​ខាង​ត្បូង គ្រួសារ​ដែលមាន​សមាជិក​ស្លាប់​ក្នុង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ​នឹង​ទទួលបាន​ប្រាក់​សំណង 20 លាន​វ៉ុ​ន (ប្រហែល 14,100 ដុល្លារ​អាម៉េរិក)។ អ្នក​ដែល​រងរបួស​នឹង​ទទួលបាន​ពី 5 លាន​វ៉ុ​ន (ប្រហែល 3,520 ដុល្លារ​អាម៉េរិក) ដល់ 10 លាន​វ៉ុ​ន (ប្រហែល 7,000 ដុល្លារ​អាម៉េរិក)។

ក្រសួង​សន្តិសុខ​មាតុភូមិ​កូរ៉េខាងត្បូង បានប្រកាសថា នឹង​ផ្ដល់ជំនួយ​បន្ថែម​ដល់​គ្រួសារ​ដែលមាន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ សម្រាប់​ការធ្វើ​ពិធី​បុណ្យសព និង​ការដឹកជញ្ជូន។ ខ្ទង់​ប្រាក់​ជំនួយ​នេះ​មាន​ចំនួន 15 លាន​វ៉ុ​ន (ប្រហែល 10,500 ដុល្លារ​អាម៉េរិក) សម្រាប់​ជនរងគ្រោះ​ម្នាក់។

កូរ៉េខាងត្បូង បាន​កំណត់ថា ខណ្ឌ Yongsan នៅ រដ្ឋធានី​សេ​អ៊ូ​ល ជា​កន្លែង​ដែលមាន​ទីប្រជុំជន Itaewon គឺជា «តំបន់​គ្រោះមហន្តរាយ»។ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Yoon Suk-yeol ក៏បាន​ប្រកាស​កាន់ទុក្ខ​ចាប់ពី​ថ្ងៃទី 30 តុលារ ដល់ 05 វិច្ឆិកា​ផងដែរ។

ក្រុម​បុព្វជិត​កំពុង​សូត្រ​ធម៌​​​ជូន​ជន​រងគ្រោះ​ កាល​ពី​ថ្ងៃទី 31 តុលា

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យសព និង​បញ្ជូន​បុគ្គលិក​ទៅកាន់​គ្រួសារ​ជនរងគ្រោះ​ដើម្បី​ជួយ​ជ្រោមជ្រែង។ អ្នក​ដែល​រងរបួស​នឹង​ទទួលបាន​ប័ណ្ណធានា​រ៉ាប់រង​ពីរ​ដ្ឋ និង​មាន​បុគ្គលិក​ម្នាក់​របស់​រដ្ឋ ទៅ​ជួយ​សម្រាលទុក្ខ បើសិនជា​ត្រូវការ។

ក្រុមមន្ត្រី​កូរ៉េខាងត្បូង ក៏បាន​ប្រកាសថា គ្រួសារ​ទាំងឡាយ​ដែល​រង​ផលប៉ះពាល់​ពី​ហេតុការណ៍​ប្រជ្រៀត​គ្នា​នេះ នឹង​ទទួលបាន​ការលើកលែង​ពន្ធ ព្រមទាំង​ទទួលបាន​ខ្ទង់​ប្រាក់​ជំនួយផ្សេងៗ មានដូចជា​ការកាត់បន្ថយ ការលើកលែង ឬ​ពន្យារពេល​នៃ​ការទូទាត់​ថ្លៃ​សេវា​ទូរស័ព្ទ​ជាដើម។

ហេតុការណ៍ប្រជ្រៀត​​ជាន់​គ្នា​​ខាងលើ​​កើត​ឡើង​កាល​ពី​យប់​ថ្ងៃទី 29 តុលា​ នៅ​ពេល​មនុស្ស​ប្រមាណ​ 100,000 នាក់​ចូលរួម​ពិធីបុណ្យ​ Halloween នៅ​ទីប្រជុំជន Itaewon ក្នុង​ រដ្ឋធានីសេអ៊ូល។ ហេតុការណ៍​នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច 156 នាក់ និង​ជាង 150 នាក់​ផ្សេងទៀត​រងរបួស ក្នុងនោះ​មាន​មនុស្ស​ជាច្រើន​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ៕

Leave a Reply

Your email address will not be published. Required fields are marked *