ក្រុមមន្ត្រីឥណ្ឌា បានបង្កើតក្រុមស្រាវជ្រាវរកមូលហេតុនៃករណីបាក់ស្ពានយោលដែលបានបណ្ដាលឱ្យមនុស្សយ៉ាងតិច 132 បាត់បង់ជីវិតកាលពីថ្ងៃទី 30 តុលា 2022។
ស្ពានយោលនៅទីរួមស្រុក Morbi ក្នុងរដ្ឋ Gujarat បានបាក់នៅវេលាម៉ោង 18 និង 42 នាទី ថ្ងៃទី 30 តុលា ត្រូវនឹងម៉ោង 20 និង 12 នាទីនៅ កម្ពុជា។ ក្រុមមន្ត្រីឥណ្ឌា ឱ្យដឹងថា មានមនុស្សជិត 500 នាក់ ក្នុងនោះមានទាំងកុមារ និងស្ត្រី កំពុងប្រមូលផ្ដុំគ្នានៅលើស្ពាន និងជុំវិញស្ពាន ដើម្បីប្រារព្ធពិធីបុណ្យពន្លឺ Diwali របស់សាសនាហិណ្ឌូ នៅពេលហេតុការណ៍បាក់ស្ពានកើតឡើង។ ជនរងគ្រោះជាច្រើននាក់បានធ្លាក់ចូលក្នុងទឹកទន្លេ Machchhu ដែលនៅក្រោមស្ពានយោលនេះ។
ក្រុមមន្ត្រីបានបញ្ជូនក្រុមសង្គ្រោះ ក្នុងនោះមានទាំងកប៉ាល់ អ្នកមុជទឹកជាដើមទៅកាន់កន្លែងកើតហេតុដើម្បីស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន។ ក្រុមទាហានរបស់ ឥណ្ឌា ក៏ត្រូវបានបញ្ជូនទៅចូលរួមបេសកកម្មជួយសង្គ្រោះនេះ។
អាជ្ញាធរក្នុងតំបន់បានរៀបផែនការទប់ប្រភពទឹកដែលហូរចូលទន្លេ Machchhu ពីទំនប់មួយនៅក្បែរនោះ និងប្រើប្រាស់ម៉ាស៊ីនបូមរំលស់ទឹកក្នុងទន្លេដើម្បីបង្កើនល្បឿនបេសកកម្មសង្គ្រោះ។
មកដល់បច្ចុប្បន្ន តួលេខជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍បាក់ស្ពាននេះបានកើនឡើងដល់ 132 នាក់ហើយ នេះបើតាមសារព័ត៌មាន Times of India។