(ឥណ្ឌូណេស៊ី)-យន្តហោះដឹកមនុស្សចំនួន 175 នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ត្រូវវិលត្រលប់មកចុះចតនៅ ហ្សាការតា វិញ ក្រោយពីបានហោះឡើង ដោយសារតែម៉ាស៊ីនមួយគ្រឿងរបស់វាឆាបឆេះ។
ជើងហោះហើរ JT330 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដឹកអ្នកដំណើរ 169 នាក់ និងបុគ្គលិក 6 នាក់ បានហោះឡើងពី រដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅម៉ោង 17 និង 13 នាទី ថ្ងៃទី 16 តុលា។ អ្នកបើកបររបស់យន្តហោះ Boeing 737-800 បានដឹងថា ម៉ាស៊ីនមួយគ្រឿងរបស់យន្តហោះនេះ «ដំណើរការមិនប្រក្រតី» នៅពេលហោះឡើងដល់កម្ពស់ជាង 900 ម៉ែត្រ នេះបើតាមក្រុមហ៊ុន Lion Air របស់ ឥណ្ឌូណេស៊ី។
ប្រហែលកន្លះម៉ោងក្រោយមក យន្តហោះនេះក៏បានចុះចតដោយសុវត្ថិភាព និងមិនមានអ្នករងរបួស។ ក្រុមហ៊ុន Lion Air មិនទាន់ប្រកាសឱ្យដឹងអំពីមូលហេតុនៃហេតុការណ៍ឆេះម៉ាស៊ីននេះនៅឡើយ ខណៈដែលក្រុមវិស្វករកំពុងត្រួតពិនិត្យយន្តហោះ។ ចំណែកក្រុមហ៊ុន Boeing វិញ បានបដិសេធការស្នើសុំការបកស្រាយអំពីបញ្ហានេះ។
ក្រុមហ៊ុន Lion Air ធ្លាប់ជួបគ្រោះថ្នាក់អាកាសចរណ៍ម្ដងរួចហើយចំពោះយន្តហោះប្រភេទ 737 Max របស់ Boeing កាលពីឆ្នាំ 2018។ យន្តហោះ Boeing 737 Max កាលណោះបានធ្លាក់ទៅក្នុងសមុទ្រក្រោយពីហោះឡើងបាន 13 នាទី ពីព្រលានយន្តហោះនៅ ហ្សាការតា។ អ្នកដំណើរ រួមនឹងបុគ្គលិកទាំងអស់នៅលើយន្តហោះនេះ បានបាត់បង់ជីវិត៕