(អូស្ត្រាលី)-អង្គការមនុស្សធម៌ផ្នែកជំងឺមហារីកស្បែកមួយសង្ឃឹមថា នឹងទាក់ទាញអ្នកស្ម័គ្រចិត្តប្រហែល 2,500 នាក់ ដើម្បីមកថតរូបអាក្រាតកាយសម្រាប់គម្រោងសុខភាពសាធារណៈ។
Skin Check Champions ដែលជាអង្គការមនុស្សធម៌គ្រប់គ្រងបន្ទប់ពិគ្រោះជំងឺស្បែកដោយមិនគិតថ្លៃនៅ អូស្ត្រាលី សហការជាមួយកំពូលជាងថតរូបអាម៉េរិក Spencer Tunick អំពាវនាវរកអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ ឱ្យមកចូលរួមបង្កើតស្នាដៃអាក្រាយកាយនៅលើឆ្នេរសមុទ្រនៅ Sydney នាថ្ងៃទី 26 វិច្ឆិកានេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកស្បែក។
«យើងខ្ញុំកំពុងឆ្ពោះទៅរកមនុស្សយ៉ាងតិច 2,000 នាក់ មកចូលរួមគម្រោងដើម្បីតំណាងឱ្យ ជនជាតិអូស្ត្រាលីជាង 2,000 នាក់ ដែលបានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺមហារីកស្បែក» Scott Maggs ស្ថាបនិករបស់ Skin Check Champions បានឱ្យដឹងដូច្នេះ។
ពេលវេលានៃការជួបជុំថតរូបអាក្រាតកាយរបស់ Skin Check Champions ត្រូវបានធ្វើឡើងដំណាលគ្នានឹងសប្ដាហ៍ស្ដីពីមហារីកស្បែកអូស្ត្រាលី ហើយ Maggs ក៏បានអំពាវនាវឱ្យគ្រប់គ្នាទៅពិនិត្យស្បែក។ Maggs បានបង្កើតអង្គការ Skin Check Champions កាលពីឆ្នាំ 2010 ក្រោយពីមិត្តរបស់គាត់គឺ Wes Bonny បានស្លាប់ដោយសារជំងឺមហារីកស្បែកក្នុងវ័យ 26 ឆ្នាំ។
អង្គការ Skin Check Champions ទទួលបានការគាំទ្រច្រើនពីមហាជន ក្នុងនោះមានទាំងមហាសេដ្ឋី Richard Branson ផងដែរ។
អ្នកថតរូបជំនាញ Tunick ធ្លាប់បានបង្កើតរូបអាក្រាតកាយទ្រង់ទ្រាយធំចំនួន 100 លើកនៅទីសាធារណៈ នៅពាសពេញពិភពលោក ចាប់ពី Munich ដល់ Mexico City ជាទីដែលលោកធ្លាប់បានថតរូបមនុស្សអាក្រាតកាយ 18,000 នាក់។ ខុសពីវិចិត្រករដទៃដែលប្រើថ្នាំពណ៌ ជក់ ដែកខ្មៅ ផ្ទាំងក្រណាត់ជាដើមដើម្បីបង្កើតគំនូរ Tunick បែរជាយកពណ៌ស្បែករបស់មនុស្សមកច្នៃប្រឌិតទៅវិញ នេះគឺជាសមត្ថភាពដ៏អស្ចារ្យរបស់គាត់៕