មហាសេដ្ឋីឥណ្ឌា Narayana Murthy ជូនពរ និងជឿជាក់ថា កូនប្រសា Rishi Sunak «នឹងប្រឹងប្រែងអស់ពីសមត្ថភាព» ដើម្បីប្រជាជននៅពេលបានឡើងធ្វើជានាយករដ្ឋមន្ត្រីរបស់ ចក្រភពអង់គ្លេស។
«ជូនពរ Rishi។ យើងមានមោទកភាពចំពោះកូន និងជូនពរកូនជោគជ័យ។ យើងជឿជាក់ថា Sunak នឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីប្រជាជនចក្រភពអង់គ្លេស» មហាសេដ្ឋី N.R. Narayana Murthy ស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា Infosys នាថ្ងៃនេះបានឱ្យដឹងដូច្នេះ។
លោក Narayana Murthy គឺជាឪទុកបង្កើតរបស់លោកស្រី Akshata Murthy ភរិយារបស់លោក Rishi Sunak ដែលជាអ្នកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានបក្សអភិរក្ស ហើយនឹងត្រូវបានមហាក្សត្រ Charles ទីបីតែងតាំងជានាយករដ្ឋមន្ត្រីក្នុងថ្ងៃនេះ។
លោក Sunak អាយុ 42 ឆ្នាំ ចាប់កំណើតនៅក្នុងទីក្រុង Southampton និងមានដើមកំណើតជាជនជាតិឥណ្ឌា នឹងក្លាយជានាយករដ្ឋមន្ត្រីដើមកំណើតឥណ្ឌាដំបូងគេនៅ អង់គ្លេស និងជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសនេះក្នុងរង្វង់ 200 ឆ្នាំ។
ការដែលលោក Sunak បានក្លាយជា នាយករដ្ឋមន្ត្រីអង់គ្លេស នៅក្នុងរដូវបុណ្យពន្លឺរបស់អ្នកកាន់សាសនាហិណ្ឌូ ធ្វើឱ្យ ប្រជាជនឥណ្ឌា មានការត្រេកអរខ្លាំង។ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានឱ្យដឹងថា លោកសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាង ឥណ្ឌា និង អង់គ្លេស នឹងត្រូវបានកែលំអបន្ថែមទៀត។
បច្ចុប្បន្ន លោក Sunak មិនទាន់មានការអធិប្បាយណាមួយទាក់ទងនឹងការជូនពររបស់ឪទុកក្មេកនៅឡើយ។ យោងតាមទស្សនាវដ្ដី Forbes លោក Murthy មានទ្រព្យប្រមាណ 4.5 ពាន់លានដុល្លារអាម៉េរិក។ ភរិយារបស់លោក Sunak គឺលោកស្រី Akshata Murthy ជាពលរដ្ឋឥណ្ឌា និងមានភាគហ៊ុន 0.93% ក្នុងក្រុមហ៊ុន Infosys តម្លៃប្រហែល 721 លានដុល្លារអាម៉េរិក៕