Skip to content

កាន់​តំណែង​នាយក​រដ្ឋមន្ត្រីអង់គ្លេស​​ ៤៤ ថ្ងៃ តែ​លោក​ស្រី Truss ទទួល​ប្រាក់​ឧបត្ថម្ភ​ ១២៩ ០០០ ​ដុល្លារ​/ឆ្នាំ​ ពេញ​មួយ​ជីវិត ៖ បក្ស​ប្រឆាំង​ជំទាស់

លោកស្រី Truss មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពេញ​មួយ​ជីវិត​ ១២៩ ០០០ ដុល្លារ​/​ឆ្នាំ បើ​ទោះជា​កាន់​តំណែង​នាយករដ្ឋមន្ត្រី​អង់គ្លេស​ បាន​តែ​ ៤៤ ថ្ងៃ​ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​សាធារណមតិ​មាន​ភាព​ចម្រូង​ចម្រាស។

នាយិការដ្ឋមន្ត្រី​អង់គ្លេស លោក​ស្រី Liz Truss ប្រកាស​លា​លែង​ពី​តំណែង​កាល​ពី​ថ្ងៃទី ២០ តុលា ក្រោយ​ការ​កាន់​តំណែង​នេះ​បាន​ ៤៤ ថ្ងៃ​ ក្នុង​ស្ថាន​ភាព​ដែល​លោក​ស្រី​ត្រូវ​រង​សម្ពាធ​ខ្លាំង​។ បើ​ទោះជា​កាន់​តំណែង​ក្នុង​រយៈ​ពេល​ខ្លី​ លោក​ស្រី Truss នៅ​តែ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ PDCA ១១៥ ០០០ ផោន​ (ជាង ១២៩ ០០០ ដុល្លារ​អាម៉េរិក) ជា​រៀង​រាល់​ឆ្នាំ​ ពេញ​មួយ​ជីវិត​។

ព័ត៌មាន​ខាងលើ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​​ក្នុង​សាធារណមតិ​ ពិសេស​គឺ​ពី​គណបក្ស​ប្រឆាំង​។ ពួក​គេ​យល់​ថា ខ្ទង់​ប្រាក់​ឧបត្ថម្ភ​នេះ​ច្រើន​ជាង​ប្រាក់​បៀវត្សរ៍​ដែល​លោក​ស្រី Truss ទទួល​បាន​​ក្នុងពេល​កាន់​តំណែង​នេះ​ទៅ​ទៀត​។ មតិ​ផ្សេង​ទៀត​លើក​ជា​សំណួរ​ថា ខ្ទង់​ប្រាក់​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលដៅ​ល្អ​ជាង​នេះ​បាន​ដែរ​ ឬ​ទេ​។

«លោកស្រី​មិន​គួរ​ទទួល​យក​ប្រាក់​នោះ។ កាន់​តំណែង​បានតែ ៤៤ ថ្ងៃ លោកស្រី​មិន​ទាន់​មានសិទ្ធិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ ហើយ​គួរ​តែ​បដិសេធ» Keir Starmer មេបក្ស​សាធារណរដ្ឋ​ បាន​ប្រាប់ BBC កាល​ពីថ្ងសទី ២១ តុលា​ដូច្នេះ​។

Ed Davey ដែល​ជា​ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​សេរី ក៏​យល់​ឃើញ​ដូចទៅ​នឹង​ការ​លើក​ឡើង​របស់​​ Keir Starmer ផងដែរ​។

«បច្ចុប្បន្ន ក្នុង​ចំណោម​មន្ត្រី​ ៥ រូប​គឺ​មាន​ ១ រូប​ត្រូវ​ទៅ​រក​កន្លែង​ឧបត្ថម្ភ​អាហារ​, ៣៥% ហូប​មិន​គ្រប់​គ្រាន់​។ ពិត​ជា​ចម្លែក​ណាស់ បើ​សិន​លោក​ស្រី Truss អាច​ទទួល​បាន​អត្ថប្រយោជន៍​នេះ» Mark Serwotka អគ្គលេខា​នៃ​សម្ព័ន្ធ​សេវាកម្ម​ពាណិជ្ជកម្ម​ និង​សាធារណៈ​ ដែល​ជា​អង្គការ​តំណាង​មន្ត្រី​រាជការ​ថ្លែង​បែប​នេះ​ និង​បាន​អំពាវនាវ​ឱ្យ​ នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់ អង់គ្លេស​ ដំឡើង​ប្រាក់​ខែ​ជូន​មន្ត្រី​រាជការ​ដើម្បី​ទប់​ទល់​នឹង​អតិផរណា។

លោក​ស្រី Truss បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី​ទាក់​ទង​នឹង​ខ្ទង់​ប្រាក់​ឧបត្ថម្ភ​ និង​ភាព​ចម្រូង​ចម្រាស​ខាងលើ​នៅឡើយ​។

PDCA គឺជា​កម្មវិធី​របស់​ រាជរដ្ឋាភិបាល​អង់គ្លេស​ ត្រូវ​បាន​អនុវត្ត​តាំង​​ពី​ឆ្នាំ​ ១៩៩១ ក្នុងបំណង​ «ជួយ​ឱ្យ​អតីត​នាយក​រដ្ឋមន្ត្រី​អាច​បន្តសកម្មភាព​សាធារណ»។ ខ្ទង់​ប្រាក់​ PDCA នេះ​ត្រូវ​បាន​ផ្ដល់​ដោយ​យោង​ទៅ​តាម​ការ​ចំណាយ​ផ្លូវ​ការ​ជាក់ស្ដែង ដូច​ជា ថ្លៃ​ជួល​ការិយាល័យ​ ប្រាក់​ខែ​សម្រាប់​បុគ្គលិក​ជំនួយ​ការ​ ឬ​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​​​ក្នុង​នាម​ជា​អតីត​នាយករដ្ឋមន្ត្រី​៕

Leave a Reply

Your email address will not be published. Required fields are marked *