Skip to content

រកឃើញ​ប្រហោងខ្មៅ (Black Hole) ដែល​នៅ​ក្បែរ​ផែនដី​បំផុត

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​បាន​រកឃើញ​ប្រហោង​ខ្មៅ​មួយ​ដែល​ធំជាង​ព្រះអាទិត្យ​ ១២ ដង ស្ថិត​នៅ​ចម្ងាយ​ ១៥៥០ ឆ្នាំ​ពន្លឺ​ពី​ផែន​ដី ដែល​ ១ ឆ្នាំ​ពន្លឺ​ស្មើ​នឹង ៩៤៦១ ទ្រីលាន​គីឡូម៉ែត្រ​។

ដើម្បី​ឱ្យ​ដឹង​ថា មាន​ប្រហោង​ខ្មៅប៉ុន្មាន​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ចក្រវាល អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​បាន​ពិនិត្យមើល​ទិន្នន័យ​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​​ជិត ២ សែន​ ដែល​ត្រូវ​បាន​រកឃើញ​ដោយបេសក​កម្ម Gaia។ ក្នុង​ចំណោម​នោះ ពួក​គេ​ស្វែង​យល់​អំពី​សញ្ញា​របស់​ផ្កាយ​ដែល​វិល​ជុំវិញ​វត្ថុ​ខ្នាត​យក្ស​ដែល​មិន​អាច​មើល​ឃើញ​។

ប្រហោង​ខ្មៅ (Black Hole) គឺជា​វត្ថុ​អវកាស​ដែល​ងងឹត​សូន្យ​សុង​ សូម្បី​តែ​ពន្លឺ​ក៏​មិន​អាច​រត់​គេច​បាន​។ ពួក​វា​ត្រូវបាន​គេ​ដឹង​តាម​រយៈ​ពន្លឺ​ខ្លះដែល​បញ្ចេញ​នៅ​ពេល​ស្រូប​យក​ឧស្ម័ន​ ធូលី ឬ​លេប​ផ្កាយ​ ឬ​មួយ​ការ​ប៉ះទង្គិច​នឹង​គ្នា​ប៉ុណ្ណោះ​។

យោង​តាម​បណ្ឌិត Sukanya Chakrabarti ប្រធាន​ក្រុម​ស្រាវជ្រាវ បេក្ខភាព​ប្រហោងខ្មៅ​ដែល​មាន​សក្ដានុពល​បំផុត​ត្រូវ​បាន​ស្រាវជ្រាវ​ស៊ី​ជម្រៅ​តាម​រយៈ​ការ​វាស់​ស្ទង់​​វិសាលគម​ពន្លឺ​របស់​ផ្កាយ ដោយ​ប្រើប្រាស់​ឧបករណ៍​វិទ្យា​សាស្ត្រ​ជា​ច្រើន​។ បើ​សិន​មាន​ប្រហោង​ខ្មៅ​មួយ​នៅ​ទីនោះ ក្រុម​ស្រាវជ្រាវ​អាច​រកឃើញ​វា​ដោយ​មើល​ទៅ​លើ​កម្លាំង​ទំនាញ​របស់​ប្រហោង​ខ្មៅ​ទៅ​លើ​វិសាលគម​ពន្លឺ​របស់​ផ្កាយ​ដែលស្ថិត​នៅ​លើ​គន្លង​គោចរ​។ ដោយ​ប្រើ​វិធី​សាស្ត្រ​នេះ​ ក្រុម​ខាងលើ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ទៅ​លើ​ផ្កាយ​មួយ​ដួង​ដែល​តូចជាង​​ព្រះអាទិត្យ និង​វិល​ជុំ​វិញ​វត្ថុ​អវកាស​ងងឹត​មួយ​ដែល​ធំ​ជាង​ ១២ ដង ធៀប​នឹង​ព្រះអាទិត្យ​។ ផ្កាយ​នេះ​​បញ្ចប់​គន្លង​គោចរ​មួយ​ជុំ​របស់​វា​ដោយ​ចំណាយ​ពេល ១៨៥ ថ្ងៃ​។

«កម្លាំង​ទំនាញ​របស់​ប្រហោង​ខ្មៅ​ទៅ​លើ​ផ្កាយ​ដែល​អាច​មើល​ឃើញ អាច​កំណត់​បាន​ពី​លទ្ធផល​វាស់​ស្ទង់​វិសាលគម​ពន្លឺ» Chakrabarti ឱ្យ​ដឹង​ដូច្នេះ​។ «តាម​រយៈ​ការ​វិភាគ​លើ​ល្បឿន​របស់​ផ្កាយ យើង​អាច​សន្និដ្ឋាន​បាន​នូវ​ទំហំ​របស់​ប្រហោង​ខ្មៅ​ដែល​គោចរ​ជាមួយ​គ្នា​ និង​ពេល​វេលា​វិល​ជុំ​វិញ​គន្លង​គោចរ»។

ក្រុម​ស្រាវជ្រាវ​ខាងលើ​បាន​គណនា​ឃើញ​ថា ប្រហោង​ខ្មៅ​ដែល​ទើប​រក​ឃើញ​នេះ​មាន​ចម្ងាយ​ពី​ផែន​ដី​ប្រមាណ ១៥៥០ ឆ្នាំ​ពន្លឺ​ ប៉ុន្តែ មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ប្រហោង​ខ្មៅ​នៅឡើយ។ Chakrabarti និង​សហការី បាន​ផ្ញើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ទៅ​ឱ្យ​ទស្សនាវដ្ដី Astrophysical Journal ដើម្បី​ចុះ​ផ្សាយ​៕

Leave a Reply

Your email address will not be published. Required fields are marked *