(អ៊ីស្រាអែល)-លោក Baruch រក្សាទុកមេជីវិតរបស់កូនប្រុសទោល Amit Ben Ygal ដែលជាទាហានម្នាក់បានស្លាប់នៅក្នុងតំបន់ West Bank កាលពី ២ ឆ្នាំមុន ដោយសង្ឃឹមថា នឹងមានចៅនឹងគេ។
«Amit គឺជាអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំ» លោក Baruch អាយុ ៥៣ ឆ្នាំ និយាយអំពីកូនប្រុសតែមួយគត់របស់លោក។ «ខ្ញុំចង់មានភាពសប្បាយរីករាយក្នុងឆាកជីវិតឡើងវិញ។ កងទ័ពអ៊ីស្រាអែល គួរតែជួយខ្ញុំឱ្យបានក្លាយជាជីតានឹងគេ»។
Amit អាយុ ២១ ឆ្នាំ បានបាត់បង់ជីវិតបន្ទាប់ពីត្រូវ ជនជាតិប៉ាលេស្ទីន គប់ដុំថ្មចំក្បាលក្នុងពេលចូលរួមយុទ្ធនាការរបស់ កងទ័ពអ៊ីស្រាអែល នៅ West Bank កាលពីខែឧសភា ២០២០។ លោក Baruch បានយកមេជីវិតរបស់កូនប្រុសគាត់ក្នុងរង្វង់ ៧២ ម៉ោង ក្រោយពី Amit បានស្លាប់ ជាពេលវេលាគ្រប់គ្រាន់ល្មមសម្រាប់បង្កក និងអាចបង្កកំណើតក្នុងបំពង់ពិសោធន៍។
លោក Baruch ចង់ប្រើប្រាស់មេជីវិតរបស់កូនដើម្បីមានចៅនឹងគេ តាមរយៈការពពោះស្ម័គ្រចិត្តរបស់ស្ត្រីម្នាក់ ប៉ុន្តែមិនអាចធ្វើបាន ដោយសារថា ច្បាប់របស់ អ៊ីស្រាអែល មិនទាន់អនុញ្ញាតឱ្យធ្វើបែបនេះ។ ច្បាប់របស់ អ៊ីស្រាអែល បច្ចុប្បន្នកំណត់ថា មានតែភរិយារបស់ទាហានដែលបានស្លាប់នៅពេលកំពុងបំពេញបេសកកម្មតែប៉ុណ្ណោះ ទើបមានសិទ្ធិប្រើប្រាស់មេជីវិតដើម្បីបង្កកំណើតក្នុងបំពង់ពិសោធន៍ (IVF)។
ក៏ប៉ុន្តែ ក្រុមមន្ត្រីរបស់ អ៊ីស្រាអែល កំពុងតែដាក់សេចក្ដីព្រាងច្បាប់មួយដែលពង្រីកសិទ្ធិនេះសម្រាប់ឪពុកម្ដាយរបស់ទាហាន។ សកម្មជនម្នាក់និយាយថា អ៊ីស្រាអែល គួរតែ «អនុវត្តកាតព្វកិច្ចមនុស្សធម៌» ចំពោះគ្រួសារដែលមានកូនស្លាប់នៅក្នុងជួរកងទ័ព។
លោក Baruch និងភរិយាបានលែងលះគ្នាតាំងពីយូរ ហើយ Amit គឺជាកូនប្រុសតែមួយគត់របស់គាត់។ ឪពុក និងកូនបានរស់នៅជុំគ្នានៅ Ramat Gan ជាយក្រុង Tel Aviv។ លោក Baruch នៅតែមិនអាចជឿបានសោះថា កូនប្រុសរបស់គាត់បានបាត់បង់ជីវិត។ គាត់និយាយថា «បើសិនជាមានចៅមុនពេលស្លាប់ ខ្ញុំអាចស្លាប់ដោយសប្បាយចិត្តហើយ»។
តំណាងរាស្ត្រ Zvi Hauser បានបង្កើតសេចក្ដីព្រាងច្បាប់ «បន្តវេន» ដើម្បីជួយឱ្យបំណងរបស់លោក Baruch បានក្លាយជារឿងស្របច្បាប់។ លោក Hauser យល់ថា ប្រទេសអ៊ីស្រាអែល ជំពាក់បំណុលគ្រួសារទាហាន។
សេចក្ដីព្រាងច្បាប់ «បន្តវេន» របស់លោក Hauser ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតដំបូងកាលពីខែមុន ប៉ុន្តែ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីរជុំទៀត បន្ទាប់ពីសភាថ្មីរបស់ អ៊ីស្រាអែល ត្រូវបានបង្កើតឡើងនៅខែក្រោយ៕