អគ្គិភ័យធំមួយបានកើតឡើងបង្កឱ្យមានសំឡេងផ្ទុះជាច្រើនគួរឱ្យភ័យខ្លាច នៅពេលរថយន្តដឹកប្រេងសាំងមួយគ្រឿងបានបុកទៅនឹងស្ពានឆ្លងផ្លូវនៅទីក្រុង Aguascalientes ប្រទេសម៉ិកស៊ិក នាំឱ្យអាជ្ញាធរឈ្លៀសប្រជាជនក្នុងតំបន់។
ក្រុមមន្ត្រីនៅ ទីក្រុង Aguascalientes ភាគកណ្ដាលនៃ ប្រទេសម៉ិកស៊ិក បានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះកើតឡើងក្នុងថ្ងៃទី ២១ តុលា នៅពេលរថយន្តដឹកប្រេងសាំងមួយគ្រឿងបានបុកស្ពានអាកាសឆ្លងផ្លូវដែក បណ្ដាលឱ្យមានអណ្ដាតភ្លើងសន្ធោសន្ធៅ ឆេះរាលដាលដល់ផ្ទះជាច្រើនខ្នងដែលនៅក្បែរនោះ។
ប្រធានអាជ្ញាធរគ្រប់គ្រងអគ្គិភ័យរបស់ទីក្រុង Aguascalientes លោក Miguel Murillo បាននិយាយថា មនុស្សប្រហែលពី ៨០០ ទៅ ១,០០០ នាក់ ត្រូវបានឈ្លៀសទៅរកកន្លែងសុវត្ថិភាព។ ជនរងគ្រោះ ១២ នាក់ត្រូវបានសង្គ្រោះពីផ្ទះដែលកំពុងឆាបឆេះ ប៉ុន្តែ ពុំមានអ្នកណាម្នាក់បាត់បង់ជីវិត។
សមត្ថកិច្ចនៅ Aguascalientes បានឱ្យដឹងថា អ្នកបើកបររថយន្តដែលបានបង្កគ្រោះថ្នាក់ខាងលើត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីហេតុការណ៍នេះបានកើតឡើង។