បេក្ខភាពដែលចូលរួមប្រកួតប្រជែងដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ អង់គ្លេស នឹងត្រូវមានការគាំទ្រពីតំណាងរាស្ត្រគណបក្សអភិរក្សនិយម យ៉ាងតិច ១០០ រូប មុនពេលបានចូលទៅដល់ការបោះឆ្នោត។
នាយិការដ្ឋមន្ត្រីអង់គ្លេស លោកស្រី Liz Truss បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ២០ តុលា បន្ទាប់ពីឡើងកាន់អំណាចបាន ៤៤ ថ្ងៃ ក្នុងគ្រាដែលត្រូវរងសម្ពាធធ្ងន់។ លោកស្រីក្លាយជាមេដឹកនាំរបស់ អង់គ្លេស ដែលកាន់តំណែងនេះរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្ររបស់ អង់គ្លេស។
Graham Brady ប្រធានគណៈកម្មការ ១៩២២ បានឱ្យដឹងថា បក្សអភិរក្សនិយម នឹងបង្ហើយការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ហើយក៏ជានាយករដ្ឋមន្ត្រីថ្មីរបស់ អង់គ្លេស នៅក្នុងសប្ដាហ៍នេះ។ គណៈកម្មការ ១៩២២ គឺជាស្ថាប័នដែលគ្រប់គ្រងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ គណបក្សអភិរក្សនិយម។
ដំណើរការនៃការជ្រើសតាំងបេក្ខភាព ចាប់ផ្ដើមពីថ្ងៃទី ២០ តុលា ក្នុងនោះ បេក្ខភាពនីមួយៗត្រូវតែមានការគាំទ្រពីតំណាងរាស្ត្របក្សអភិរក្សនិយម យ៉ាងតិច ១០០ រូប។ ដោយសារគណបក្សនេះមានតំណាងរាស្ត្រ ៣៥៧ រូប ដូច្នេះ បេក្ខភាពយ៉ាងច្រើនបំផុតត្រឹម ៣ រូប នឹងត្រូវបានជ្រើសរើសឱ្យចូលដល់វគ្គបោះឆ្នោតសម្រាប់តំណែងប្រធានបក្ស។
ក្នុងករណីមានបេក្ខភាព ៣ រូប ក្រុមតំណាងរាស្ត្របក្សអភិរក្សនិយម នឹងបោះឆ្នោតដើម្បីជ្រើសរើស ២ រូបដែលមានលទ្ធផលខ្ពស់បំផុតនៅថ្ងៃទី ២៤ តុលាខាងមុខ។ សមាជិកបក្សអភរក្សនិយម ចំនួន ១៧០,០០០ នាក់ ក្រោយមកនឹងបោះឆ្នោតដោយប្រយោលរហូតដល់ថ្ងៃទី ២៨ តុលា ដើម្បីជ្រើសរើសអ្នកជាប់ឆ្នោត ហើយលទ្ធផលចុងក្រោយនឹងត្រូវបានប្រកាសនៅក្នុងថ្ងៃដដែលនោះ។
គណៈកម្មការគ្រប់គ្រងការបោះឆ្នោតខាងលើ បានលើកឡើងនូវបុគ្គលមួយចំនួនដែលមានសក្ដានុពលសម្រាប់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់ អង់គ្លេស ក្នុងនោះក៏មាន អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Rishi Sunak, អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Penny Mordaunt, រដ្ឋមន្ត្រីមន្ត្រីក្រសួងហិរញ្ញវត្ថុ Jeremy Hunt, រដ្ឋមន្ត្រីក្រសួងការពារជាតិ Ben Wallance និង អតីតនាយករដ្ឋមន្ត្រី Johnson ផងដែរ៕