Skip to content

កងទ័ព​អាម៉េរិក «មិន​អាច​ទប់ទល់​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ពីរ​ក្នុង​ពេល​តែ​មួយ»

វិទ្យាស្ថាន​ស្រាវជ្រាវមួយ​របស់ សហរដ្ឋ​​អាម៉េរិក ថ្មី​ៗ​នេះ​បាន​អះអាង​ថា កម្លាំង​ទ័ព​របស់​ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​លំដាប់​ «ខ្សោយ» ដោយ​​មាន​ហានិភ័យ​មិន​អាច​ទប់ទល់​នឹង​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ពីរ​ក្នុង​ពេល​តែ​មួយ​។

មូលនិធិបេតិកភណ្ឌ​ ដែលជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​ ១៩៧៣ នៅ វ៉ាស៊ីងតោន នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា សន្ទស្សន៍​កម្លាំង​ទ័ព​អាម៉េរិក ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី ១៨ តុលា បាន​អះអាង​ថា កងទ័ព​ប្រទេស​នេះ​ «ខ្សោយ​ជាង​ បើ​ធៀប​នឹង​ដែល​កម្លាំង​ត្រូវ​ការ​ចាំបាច់​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ»។

យោង​តាម​ការ​វាយ​តម្លៃ​របស់ មូលនិធិបេតិកភណ្ឌ ក្រោយ​រយៈ​ពេល​ច្រើន​ឆ្នាំ​ដែល​ត្រូវ​បាន​កាត់​បន្ថយ​ថវិកា និងការ​​កំណត់​អាទិភាព​មិន​បាន​ត្រឹម​ត្រូវ​ក្នុង​ការ​វិនិយោគ កម្លាំង​ទ័ព​បច្ចុប្បន្ន​របស់ សហរដ្ឋ​អាម៉េរិក មាន​ហានិភ័យ​ «មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​ក្នុង​តំបន់​»។

«កងទ័ព​អាម៉េរិក ប្រាកដ​ជា​​មិន​មាន​សម្ភារ​គ្រប់​គ្រាន់​ដើម្បីទប់​ទល់​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ធំៗ​ពីរ​ដែល​កើត​ឡើង​ដំណាល​គ្នា​» របាយការណ៍​មាន​ឃ្លា​សរសេរ​ដូច្នេះ​។ «ជា​រួម អំណាច​កងទ័ព​អាម៉េរិក​ បច្ចុប្បន្ន​អាច​ត្រូវ​បាន​វាយ​តម្លៃ​ថា​ខ្សោយ»។

របាយការណ៍​របស់​មូលនិធិបេតិកភណ្ឌ បាន​ចាត់​ចំណាត់​​​​ថ្នាក់​កងទ័ព​ម៉ារីន និង​កងកម្លាំង​នុយក្លេអែរ​របស់ សហរដ្ឋ​អាម៉េរិក ទៅក្នុង​លំដាប់​ «ខ្លាំង» ជា​លំដាប់​ខ្ពស់​ជាង​គេ​​​ទីពីរ​ក្នុង​ចំណោម​ ៥ ថ្នាក់​។ កងទ័ព​ជើង​គោក​អាម៉េរិក ត្រូវ​បាន​វាយ​តម្លៃ​ថា​ មាន​កម្លាំង​ «មធ្យម» ខណៈ​ដែល​ទ័ព​ជើង​ទឹក​ និង​កងកម្លាំង​អវកាស​ ស្ថិត​ក្នុង​លំដាប់​ «ខ្សោយ»។ ចំណែក​​​ទ័ព​អាកាស​វិញ ​ត្រូវ​បាន​ចាត់​ទុក​ថា «ខ្សោយ​ណាស់» ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​។ ពុំ​មាន​អង្គភាព​ទ័ព​ណា​មួយ​របស់ សហរដ្ឋ​អាម៉េរិក ត្រូវ​បាន​វាយ​តម្លៃ​ថា «ខ្លាំង​ណាស់» នោះ​ទេ​នៅក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *