Skip to content

អ៊ីឡុន ម៉ាស ថា អាម៉េរិក មិនទាន់ទូទាត់ប្រាក់សម្រាប់បណ្ដាញអ៊ីនធើណិតនៅ អ៊ុយក្រែន

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក អ៊ីឡុន ម៉ាស (Elon Musk) និយាយ​ថា បណ្ដាញ​អ៊ីនធើណិតនៅ​ អ៊ុយក្រែន ដែល​ផ្គត់​ផ្គង់​ដោយ​​ផ្កាយ​រណប Starlink របស់​ SpaceX មិន​ទាន់​ទទួ​ល​បាន​ប្រាក់​​ទូទាត់​ពី​ មន្ទីរ​បញ្ចកោណ ​នៅ​ឡើយ​។

«មិន​ទាន់​ទទួល​បាន​ប្រាក់​ពី​ ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក ប៉ុន្តែ​ប្រទេស​ អង្គការ​ និង​បុគ្គល​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​តែ​ចេញ​ប្រាក់​សម្រាប់​​ឧបករណ៍​ទទួល​បណ្ដាញ​អ៊ីនធើណិត​ចំនួន ១១,០០០/​២៥,០០០ គ្រឿង​» លោក​អ៊ីឡុន ម៉ាស សរសេរ​លើ​ Twitter កាល​ពី​ថ្ងៃទី ១៨ តុលា​ដូច្នេះ​។

យោង​តាម​លោក អ៊ីឡុន ម៉ាស SpaceX «បាត់​បង់​ប្រាក់​ប្រហែល ២០ លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​ ព្រោះ​តែ​សេវាកម្ម​ដែល​មិន​មាន​ការ​ទូទាត់​ និង​ការ​ចំណាយ​ទាក់​ទង​នឹង​វិធានការ​បង្ការ​សុវត្ថិភាព​ដើម្បី​ការ​ពារ​បណ្ដាញ»។

មតិ​របស់​លោក ​អ៊ីឡុន ម៉ាស ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី ទំព័រ Politico កាល​ពី​ថ្ងៃទី ១៧ តុលា បាន​ផ្សាយ​ថា មន្ទីរ​បញ្ចកោណ​ កំពុង​ពិនិត្យ​លទ្ធភាព​ទូទាត់​ប្រាក់​សម្រាប់​បណ្ដាញ​អ៊ីនធើណិត​ផ្កាយ​រណប​ Starlink របស់​ មហា​សេដ្ឋី អ៊ីឡុន ម៉ាស នៅ ប្រទេស​អ៊ុយក្រែន​។

លោក​ អ៊ីឡុន ម៉ាស ចាប់​ពី​ខែ​មីនា បាន​ផ្គត់ផ្គង់​អ៊ីនធើណិត​ពី​ផ្កាយ​រណប​ Starlink និង​ផ្ញើ​ឧបករណ៍​ទទួល​រលក​សញ្ញា​អ៊ីនធើណិត​ប្រហែល ២៥,០០០ គ្រឿង​ ទៅ​ឱ្យ​ អ៊ុយក្រែន​​ ដើម្បី​ជួយ​ឱ្យ​កងទ័ព​ប្រទេស​នេះ​រក្សា​ទំនាក់​ទំនង​នៅ​លើ​សមរភូមិ​ ក្នុង​គ្រាដែល​បណ្ដាញ​សេវា​ទូរស័ព្ទ​ និង​បណ្ដាញ​អ៊ីនធើណិត​របស់ អ៊ុយក្រែន ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​។

ក្រុម​ហ៊ុន SpaceX កាល​ពី​ថ្ងៃទី ១៤ តុលា​ បាន​ប្រកាស​ប្រាប់​ រដ្ឋាភិបាល​អាម៉េរិក ថា ខ្លួន​មិន​អាច​បន្ត​ផ្ដល់​ជំនួយ​ និង​រក្សា​ឧបករណ៍​ Starlink ដែល​ផ្គត់​ផ្គង់​អ៊ីនធើណិត​នៅ​ អ៊ុយក្រែន​។ SpaceX ប្រកាស​ថា ការ​ចំណាយ​សម្រាប់​សកម្ម​ភាព​ខាង​លើ​មក​ដល់​ពេល​នេះ​គឺ​ ៨០ លាន​ដុល្លារ​ ហើយ​គ្រោង​នឹង​ត្រូវ​ចំណាយ​ជាង ១២០ លាន​ដុល្លារ​បើ​សិន​ផ្គត់​ផ្គង់​ដល់​ដាច់​ឆ្នាំ​នេះ​ និង​ជិត ៤០០ លាន​ដុល្លារ​សម្រាប់​ ១២ ខែ​ទៀត​។ ក៏ប៉ុន្តែ ក្រោយ​មក លោក​ អ៊ីឡុន ម៉ាស បាន​ប្ដូរ​ចិត្ត​ ដោយ​និយាយ​ថា «នឹង​​ផ្គត់​ផ្គង់​សេវាកម្ម​នេះ​បន្ត​ទៀត»​៕

Leave a Reply

Your email address will not be published. Required fields are marked *