ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រកាសថា កីឡដ្ឋានបាល់ទាត់នៅក្នុងទីក្រុង Malang ជាទីដែលបានកើតហេតុការណ៍រត់ជាន់គ្នាបណ្ដាលឱ្យមនុស្ស ១៣៣ នាក់បាត់បង់ជីវិត នឹងត្រូវបានរុះរើ ដើម្បីសាងសង់ជាថ្មី។
«យើងនឹងរុះរើកីឡដ្ឋាន Kanjuruhan នៅ Malang និងសាងសង់ឡើងវិញទៅតាមស្ដង់ដា FIFA ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសមស្របដែលអាចធានាសុវត្ថិភាពសម្រាប់កីឡាករ និងអ្នកគាំទ្រ» ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ថ្លែងប្រាប់អ្នកយកព័ត៌មាននៅ ហ្សាការតា កាលពីម្សិលមិញ ក្រោយជំនួបជាមួយប្រធាន FIFA លោក Gianni Infantino។
កីឡដ្ឋាន Kanjuruhan នៅ Malang ខេត្ត Java ខាងកើត គឺជាទីដែលបានកើតមានហេតុការណ៍រត់ជាន់គ្នាកាលពីព្រលប់ថ្ងៃទី ០១ តុលា ក្រោយការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Arema និងក្រុម Persebaya Surabaya។ ដោយសារតែក្រុមម្ចាស់ផ្ទះត្រូវចាញ់ អ្នកគាំទ្រក៏មានការខឹងខ្លាំង ហើយនាំគ្នាចុះទៅទីលានប្រកួត ធ្វើឱ្យក្រុមប៉ូលិសបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកដើម្បីបង្រាប។
យោងតាមលទ្ធផលនៃការស៊ើបអង្កេត ប៉ូលិសបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកចំនួន ៨ គ្រាប់ ឡើងទៅកាន់កន្លែងទស្សនិកជន នាំឱ្យហ្វូងមនុស្សមានការភិតភ័យ រកវិធីរត់ចេញពីកីឡដ្ឋាន បង្កឱ្យមានហេតុការណ៍រត់ជាន់គ្នា បណ្ដាលឱ្យមនុស្ស ១៣៣ នាក់បាត់បង់ជីវិត ក្នុងនោះមានក្មេងជាង ៤០ នាក់ ខណៈដែលរាប់រយនាក់ផ្សេងទៀតរងរបួស។
ក្រុមមន្ត្រីឥណ្ឌូណេស៊ី រកឃើញថា ជនសង្ស័យ ៦ នាក់ដែលត្រូវបានចោទប្រកាន់ថាមានទង្វើធ្វេសប្រហែសរួមមាន ប៉ូលិស ៣ នាក់ និង ៣ នាក់ទៀតគឺជាអ្នកទទួលខុសត្រូវទៅលើការរៀបចំ ធានាសន្តិសុខសម្រាប់ការប្រកួតបាល់ទាត់។ ជនសង្ស័យទាំងនេះប្រឈមមុខនឹងទោសជាប់ពន្ធនាគារ ៥ ឆ្នាំ បើសិនត្រូវបានដាក់ទោស។
នៅក្នុងជំបួបជាមួយ ប្រធានាធិបតី Widodo ប្រធាន FIFA លោក Infantino អធិប្បាយថា ហេតុការណ៍នេះគឺជា «ថ្ងៃដ៏ខ្មៅងងឹតបំផុតមួយចំពោះបាល់ទាត់»។ លោក Infantino ក៏បានឱ្យដឹងថា FIFA នឹងជួយ «កែទម្រង់ និងប្ដូរផ្លាស់» បាល់ទាត់នៅ ឥណ្ឌូណេស៊ី។
កីឡដ្ឋាន Kanjuruhan ដែលត្រូវបានសម្ពោធបើកដំណើរការកាលពីឆ្នាំ ២០០៤ អាចដាក់មនុស្សបាន ៤២,០០០ នាក់ ប៉ុន្តែ ច្រកចេញចូលតូចចង្អៀត គ្រប់គ្រាន់សម្រាប់តែមនុស្ស ២ នាក់ដើរទន្ទឹមគ្នាប៉ុណ្ណោះ។ ច្រកមួយចំនួនត្រូវបានគេបិទសោនៅពេលហេតុការណ៍រត់ជាន់គ្នាកើតឡើង៕