Skip to content

រុស្ស៊ី បញ្ជូន​ទាហាន​ ៩,០០០ នាក់​ រួម​នឹង​រថក្រោះ និង​រថពាសដែក​ជិត ៤០០ គ្រឿង ទៅ​កាន់​ បេឡារុស

អាជ្ញាធរ​បេឡារុស បាន​ប្រកាស​អំពី​រឿង​កងទ័ព​​របស់ រុស្ស៊ី ដែល​បញ្ជូន​មក​កាន់​ប្រទេស​នេះ ហើយ​ រុស្ស៊ី និង​ បេឡារុស នឹង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ក្នុង​តំបន់​ហ្វឹកហ្វឺន​ជា​ច្រើន​។

«ទាហាន​រុស្ស៊ី សរុប​ ដែល​នឹង​ត្រូវ​បញ្ជូន​មក​កាន់​ បេឡារុស​ គឺ ៩,០០០ នាក់​។ ប្រទេស​នេះ​ក៏​នឹង​បញ្ជូន​រថក្រោះ​ប្រហែល ១៧០, រថពាសដែកច្រើន​ប្រភេទ​ចំនួន​ ២០០ គ្រឿង រួម​នឹង​កាំភ្លើង​ធំ​ និង​កាំភ្លើង​ត្បាល់​​កាណុង​ចាប់​ពី ១០០ មម ចំនួន ​១០០ ដើមផងដែរ​» ជំនួយ​ការ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​បេឡារុស ទទួល​បន្ទុក​កិច្ច​សហប្រតិបត្តិ​ការ​​យោធា​អន្តរជាតិ​ Valery Revenko បាន​និយាយ​កាល​ពី​ថ្ងៃទី ១៧ តុលា​ដូច្នេះ​។

អង្គភាព​រួម​របស់ រុស្ស៊ី និង​ បេឡារុស (Belarus) នឹង​ទៅ​កាន់​ ៤ តំបន់​ហ្វឹក​ហ្វឺន​​នៅ​ភាគ​ខាង​កើត​ និង​ភាគ​កណ្ដាល​របស់​​ប្រទេស​បេឡេរុស ដើម្បី​ធ្វើ​សមយុទ្ធ​។

លោក Valery Revenko ឱ្យ​ដឹង​ថា «ខ្លឹមសារ​សំខាន់​នឹង​ជា​ការ​ហ្វឹក​ហាត់​ផ្នែក​យុទ្ធ​សាស្ត្រ​ ក្នុង​នោះ​ក៏​មាន​ការ​បាញ់​គ្រាប់​ពិត​ និង​បាញ់​ប្លោង​មីស៊ីល​ការ​ពារ​ដែន​អាកាស​ ក៏ដូច​ជា​​ការ​ប្រើប្រាស់​សម្ភារយោធា​»។ លោក​ Valery Revenko សង្កត់​ធ្ងន់​ថា កងកម្លាំង​របស់​ រុស្ស៊ី ដែល​បោះ​ទ័ព​នៅ បេឡេរុស គ្រាន់​តែ​ជា​ការ​បង្ការ​ និង​ជួយ​​ការ​ពារ​ព្រំដែន​​របស់ បេឡារុស តែ​ប៉ុណ្ណោះ។

ផែនទី​ប្រទេស​បេឡារុស

បេឡារុស គឺជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​ រុស្ស៊ី និង​បាន​អនុញ្ញាត​ឱ្យ​ កងកម្លាំង​រុស្ស៊ី ប្រើប្រាស់​ទឹក​ដី​ដើម្បី​សម្រុក​ចូល​ទៅ​កាន់​ អ៊ុយក្រែន​។ បេឡារុស ក៏​ត្រូវ​បាន​សង្ស័យ​ថា បាន​អនុញ្ញាត​ឱ្យ​ រុស្ស៊ី ប្រើប្រាស់​ដែន​អាកាស​ដើម្បី​បាញ់​មីស៊ីល​ចូលទឹក​ដី​របស់ អ៊ុយក្រែន​ ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *