Skip to content

ណាតូ (NATO) ធ្វើ​សមយុទ្ធ​ប្រើ​ប្រាស់​អាវុធ​​ប្រល័យ​លោក​​នៅ​ទ្វីប​អឺរ៉ុប

ណាតូ បើក​ដំណើរ​ការ​សមយុទ្ធ​កំញើញ​ផ្នែក​នុយក្លេអែរ​ប្រចាំ​ឆ្នាំ​នៅ អឺរ៉ុប​ខាង​កើត​ ក្នុង​គ្រាដែល​ភាព​តាន​តឹង​ជាមួយ​នឹង រុស្ស៊ី កំពុង​មាន​ការ​កើន​ឡើង​ ដោយ​សារ​សង្គ្រាម​នៅ អ៊ុយក្រែន​។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថ្ងៃ​នេះ​បាន​ចាប់​ផ្ដើម​សមយុទ្ធ​នុយក្លេអែរ​ប្រចាំ​ឆ្នាំ​ «Steadfast Noon» ដោយ​បាន​សង្កត់​ធ្ងន់​ថា នេះ​គឺជា «សកម្មភាព​ហ្វឹក​ហ្វឺន​ជា​ទៀង​ទាត់​ ជា​ប្រចាំ​» ដែល​ត្រូវ​បាន​រៀប​ផែនការ​មុន​ពេល​ រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយក្រែន និង​មិន​ទាន់​ទង​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​។ សមយុទ្ធ​នេះ​មាន​ការ​ចូលរួម​របស់​ប្រទេស​ចំនួន ១៤ ក្នុង​ចំណោម​សមាជិក​ ៣០ ប្រទេស​របស់ ណាតូ។

សមយុទ្ធ​នុយក្លេអែរ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃទី ៣០ តុលា ដោយមាន​វត្តមាន​របស់​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ B-52 របស់ សហរដ្ឋ​អាម៉េរិក​ ផងដែរ​។ យន្ត​ហោះ​សរុប​ចំនួន ៦០ គ្រឿង​នឹង​ចូល​រួម​ហោះហើរ​​ពី​លើ ​ប្រទេស​បែលហ្ស៊ិក អង់គ្លេស និង​សមុទ្រ​ខាងជើង (North Sea) ដើម្បី​ហ្វឹក​ហាត់​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអែរ​ ដែល​ សហរដ្ឋ​អាម៉េរិក បាន​ដាក់​ពង្រាយ​នៅ​ អឺរ៉ុប​។

ណាតូ ឱ្យ​ដឹង​ថា នឹង​មិន​មាន​ការ​ប្រើប្រាស់​គ្រាប់​បែក​នុយក្លេអែរ​ពិត នៅ​ក្នុងសមយុទ្ធ​នេះ​។ «សមយុទ្ធ​ធ្វើ​ឡើង​ដើម្បី​ធានា​ថា សកម្មភាព​កំញើញ​ផ្នែក​នុយក្លេអែរ​របស់​សម្ព័ន្ធ​មិត្ត​ នៅ​តែ​សុវត្ថិភាព​ មាន​ការ​ធានា និងមាន​​ប្រសិទ្ធភាព» អ្នកនាំពាក្យ​របស់ ណាតូ Oana Lungescu ឱ្យ​ដឹង​ដូច្នេះ​។

សមយុទ្ធ​របស់ ណាតូ ត្រូវ​បាន​ធ្វើឡើង​ក្នុង​គ្រាដែល​មាន​ការ​បារម្ភ​អំពី​លទ្ធភាព​ដែល​ រុស្ស៊ី អាច​ប្រើប្រាស់​អាវុធ​នុយក្លេអែរ នៅ អ៊ុយក្រែន​ ក្រោយពី ប្រធានាធិបតី​ ពូទីន កាល​ពី​ខែ​មុន បាន​និយាយ​ថា មូស្គូ អាច​ប្រើប្រាស់​គ្រប់​មធ្យោបាយដែល​មាន​ រួម​ទាំង​ប្រភេទ​អាវុធ​ដែល​មាន​កម្រិត​នៃ​ការ​ប្រល័យ​ខុស​ៗ​គ្នា ដើម្បី​ការ​ពារ​បូរណភាព​ទឹក​ដីរបស់​ខ្លួន​៕

Leave a Reply

Your email address will not be published. Required fields are marked *