វិមានក្រឹមឡាំង បានឱ្យដឹងថា ជំនួយរបស់ ណាតូ សម្រាប់ អ៊ុយក្រែន ធ្វើឱ្យ រុស្ស៊ី រង «អម្រែកធ្ងន់បន្ថែមទៀត» ប៉ុន្តែបានអះអាងថា មិនប៉ះពាល់ដល់គោលដៅនៃយុទ្ធនាការយោធារបស់ ទីក្រុងមូស្គូ ឡើយ។
«ជាក់ស្ដែងគឺថា ណាតូ បានចូលរួមធ្វើសង្គ្រាមនៅ អ៊ុយក្រែន។ ប៉ុន្តែ ប្រការនោះមិនប៉ះពាល់ដល់បណ្ដាគោលដៅរបស់យើង។ យុទ្ធនាការយោធានឹងបន្ត ហើយយើងខ្ញុំនឹងបានសម្រេច» អ្នកនាំពាក្យរបស់ វិមានក្រឹមឡាំង Dmitry Peskov និយាយនៅលើ Rossiya-1 កាលពីថ្ងៃទី ១៦ តុលាដូច្នេះ។
ការប្រឹងប្រែងរបស់ ណាតូ សម្រាប់ អ៊ុយក្រែន កំពុងតែធ្វើឱ្យ រុស្ស៊ី ត្រូវប្រមូលកម្លាំងសេដ្ឋកិច្ច និងកម្លាំងដទៃទៀត នេះបើតាមលោក លោក Peskov។ លោកបន្ថែមថា «អាជ្ញាធរអ៊ុយក្រែន គឺជាបញ្ហាមួយ ប៉ុន្តែ សក្ដានុពលរបស់ ណាតូ គឺជាបញ្ហាមួយផ្សេងទៀត។ វាមានន័យថា អម្រែកនឹងកាន់តែធ្ងន់»។
រុស្ស៊ី ថ្មីៗនេះបានរិះគន់ចំពោះតួនាទីរបស់ ណាតូ នៅក្នុងសង្គ្រាមនៅ អ៊ុយក្រែន។ កាលពីសប្ដាហ៍កន្លង វិមានក្រឹមឡាំង និយាយថា ណាតូ «កំពុងប្រយុទ្ធដើម្បី អ៊ុយក្រែន» ក្រោយពី អគ្គលេខាធិការរបស់ ណាតូ និយាយថា «ជ័យជំនះយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន នឹងជាការបរាជ័យចំពោះយើងទាំងអស់គ្នា»។
ណាតូ ខណៈនោះដែរ បានអះអាងថា មិនចូលរួមធ្វើសង្គ្រាមនៅ អ៊ុយក្រែន ដោយផ្ទាល់ឡើយ បើទោះបាន និងកំពុងផ្ដល់ជំនួយជាអាវុធទៅឱ្យ ទីក្រុងកៀវ ដើម្បីទប់ទល់នឹងយុទ្ធនាការយោធារបស់ រុស្ស៊ី។
បណ្ដាប្រទេសជាសមាជិករបស់ ណាតូ ដែលដឹកនាំដោយ សហរដ្ឋអាម៉េរិក បានផ្ដល់ជំនួយយោធាច្រើនប្រភេទដល់ អ៊ុយក្រែន ក្នុងនោះមានទាំងកាំជ្រួចប្រតិកម្មរហ័ស កាំភ្លើងធំចល័ត គ្រាប់កាំភ្លើងធំ មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលការពារដែនអាកាស រួមនឹងអាវុធ និងសម្ភារៈយោធាជាច្រើនប្រភេទទៀត ចាប់តាំងពី រុស្ស៊ី បានបើកយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន កាលពីចុងខែកុម្ភៈ ២០២២៕