Skip to content

អាម៉េរិក ផ្ដល់​ជំនួយ​យោធា​បន្ថែមជាង ៧០០ លាន​ដុល្លារ​ដល់​ អ៊ុយក្រែន​

ក្រសួង​ការ​បរទេស​អាម៉េរិក និង​ មន្ទីរបញ្ចកោណ​ ប្រកាស​កញ្ចប់​ជំនួយ​យោធា​បន្ថែម​តម្លៃ​ ៧២៥ លាន​ដុល្លារសម្រាប់​ អ៊ុយក្រែន ក្នុង​នោះ​មាន​ទាំង​មីស៊ីល​សម្រាប់​​ប្រព័ន្ធ​ HIMARS ផងដែរ​។

«ខ្ទង់​ជំនួយ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់ រុស្ស៊ី នៅ​ពាស​ពេញ​ទឹក​ដី​អ៊ុយក្រែន​» រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក Antony Blinken ប្រកាស​កាល​ពី​ថ្ងៃទី ១៤ តុលា ស្ដីពី​កញ្ចប់​ជំនួយ​យោធា​បន្ថែម​ដែល​មាន​តម្លៃ​ ៧២៥ លាន​ដុល្លារ​ សម្រាប់​ អ៊ុយក្រែន​។

ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក​ ក្នុង​ថ្ងៃ​ដដែល​បាន​ប្រកាស​ថា កញ្ចប់​ជំនួយ​យោធា​ថ្មី​បំផុត​សម្រាប់​ អ៊ុយក្រែន​ នឹង​បន្ថែម​រ៉ុក្កែត​ជា​ច្រើន​ទៀត​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត​ប្រតិកម្ម​រហ័សចល័ត​ HIMARS។ កញ្ចប់​ថ្មី​នេះ​ធ្វើ​ឱ្យ​ជំនួស​សរុប​របស់​ វ៉ាស៊ីងតោន​ សម្រាប់ ទីក្រុង​កៀវ ឡើង​ដល់​ ១៨.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​។

មន្ទីរបញ្ចកោណ​ ក៏​បាន​ឱ្យ​ដឹង​ថា កញ្ចប់​ជំនួយ​ថ្មី​សម្រាប់ អ៊ុយក្រែន​ នេះ នឹង​មាន​ទាំង​អាវុធ​ប្រឆាំង​រថក្រោះ​ មីស៊ីល​ល្បឿន​លឿន​ប្រឆាំង​វិទ្យុសកម្ម​ HARM រួម​នឹង​យាន​យោធា និង​សម្ភារៈ​សុខាភិបាល​ផងដែរ​។

ភាគី​ខាង​រុស្ស៊ី មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​នៅ​ឡើយ​ ទាក់​ទិន​នឹង​កញ្ចប់​ជំនួយ​យោធា​ថ្មី​របស់​ សហរដ្ឋ​អាម៉េរិក សម្រាប់​ អ៊ុយក្រែន​៕

Leave a Reply

Your email address will not be published. Required fields are marked *