Skip to content

ផ្ទុះ​ឃ្លាំង​អាវុធ​នៅរុស្ស៊ី! អ៊ុយក្រែន​ រង​ការ​ចោទ​ថា​ «នៅ​ពី​​ក្រោយ​» អំពី​នេះ​

ក្រុមមន្ត្រី​នៅ​ទីក្រុង Belgorod ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី បាន​ចោទ​ថា ការ​បាញ់​កាំភ្លើង​ធំ​របស់ អ៊ុយក្រែន សំដៅ​ចូល​ទឹក​ដី​របស់​ រុស្ស៊ី បាន​បំផ្លាញ​ផ្ទះ​ប្រជាជន និង​ធ្វើ​ឱ្យ​ផ្ទុះ​ឃ្លាំង​អាវុធ​មួយ​កន្លែង​ផងដែរ​។

«នៅ​ក្នុងភូមិ​មួយ​នៅ Belgorod ការ​បាញ់​ប្រហារ​ដោយ​កាំភ្លើង​ធំ​របស់​ កងកម្លាំង​អ៊ុយក្រែន បាន​បណ្ដាល​ឱ្យ​ឃ្លាំង​អាវុធ​មួយ​ត្រូវ​ផ្ទុះ​​ខ្ទេច» អភិបាល​ខេត្ត Belgorod លោក Vyacheslav Gladkov បាន​ឱ្យ​ដឹង​តាម​ Telegram កាល​ពី​ថ្ងៃទី ១៣ តុលា​ដូច្នេះ​។

អភិបាល​ខេត្ត​ខាងលើ​បន្ត​ថា ព័ត៌មាន​ដំបូង​ឱ្យ​ដឹង​ថា មិន​មាន​អ្នក​ណាម្នាក់​​រង​របួស​ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​នាំ​ទៅ​កាន់​ទីសុវត្ថិភាព​។ មុន​នោះ លោក Gladkov បានឱ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវ​ខូច​ខាត​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ អ៊ុយក្រែន​ នៅទីក្រុង Belgorod។

Mykhaylo Podolyak ជំនួយ​ការ​ជាន់​ខ្ពស់​របស់​​ ប្រធានាធិបតី​អ៊ុយក្រែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា កងទ័ព​អ៊ុយក្រែន នៅ​ពី​ក្រោយ​អំពី​វាយប្រហារ​លើ​តំបន់​ប្រជាជន​។ មន្ត្រី​រូប​នេះ​និយាយ​ថា កម្លាំង​រុស្ស៊ី បាញ់​មីស៊ីល​សំដៅ​ទីក្រុង​ Kharkov របស់ អ៊ុយក្រែន នៅ​ក្បែរ​ព្រំដែន​ «ប៉ុន្តែ មាន​បញ្ហា​ ហើយ​មីស៊ីល​ក៏​ហោះ​ទៅ​ចំ​អគារ​ស្នាក់​នៅ​»។

អភិបាល​ខេត្ត Roman Starovoit ឱ្យ​ដឹង​ថា នៅតំបន់ Kursk ដែល​ជា​ទឹកដី​មួយ​ផ្សេង​ទៀត​របស់ រុស្ស៊ី នៅ​ក្បែរ​ព្រំ​ដែន​ជាមួយ អ៊ុយក្រែន មាន​ភូមិ​ចំនួន ២ ត្រូវ​ដាច់​ចរន្ត​អគ្គិសនី​ ដោយ​សារ​តែ​ស្ថានីយ​អគ្គិសនី​រង​ការ​ខូច​ខាត​ក្រោយ​ពី​ការ​វាយ​ប្រហារ​របស់​ អ៊យក្រែន​។ អាជ្ញាធរ​រុស្ស៊ី កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​។

ក្រសួង​ការ​ពារ​ជាតិ​អ៊ុយក្រែន ពេលនេះ​មិន​ទាន់​មាន​ការ​អធិប្បាយ​អ្វីនៅ​ឡើយ ទាក់​ទិន​នឹង​ករណី​ផ្ទុះ​ឃ្លាំង​អាវុធ និង​ការ​ចោទ​ប្រកាន់នានា​​របស់​ រុស្ស៊ី​៕

Leave a Reply

Your email address will not be published. Required fields are marked *