Skip to content

យន្តហោះ​ពាណិជ្ជកម្ម​ត្រូវ​គំរាម​បំផ្ទុះ​គ្រាប់​បែក អង់គ្លេស​បញ្ជូន​យន្តហោះ​ចម្បាំង​អមការ​ពារ

ទ័ព​អាកាស​របស់​ អង់គ្លេស​ បញ្ជូន​យន្តហោះ​ចម្បាំង​​ Typhoon ច្រើន​គ្រឿង​ ហោះអម​ការ​ពារ​យន្តហោះ​ពាណិជ្ជកម្ម​មួយ​គ្រឿង​ដែល​​ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែកដែល​​បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​​អំពី​សុវត្ថិភាព​។

ប៉ូលិស​តំបន់ Essex ភាគ​អាគ្នេយ៍​របស់ ចក្រភាព​អង់គ្លេស បាន​ទទួល​ការ​រាយការណ៍​អំពី​ការ​គំរាម​កំហែង​​ចំពោះ​ជើង​ហោះ​ហើរ LS922 របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ Jet2 កាលពី​ម៉ោង​ប្រហែល ២១ ថ្ងៃទី ១២ តុលា (ម៉ោង​ ៣ ថ្ងៃទី ១៣ តុលា នៅ កម្ពុជា)។ យន្តហោះ Airbus A321 នេះ បាន​ចេញដំណើរ​ពី Dalaman របស់ តួកគី កំពុង​ហោះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង Manchester។

ទ័ព​អាកាស​អង់គ្លេស​ (RAF) បាន​បញ្ជូន​យន្តហោះ​ចម្បាំង Typhoon ២ គ្រឿង ចេញ​ទៅ​ហោះ​អមការ​ពារ​ Airbus A321 ទៅ​ចុះចត​នៅ​ព្រលាន​យន្តហោះ London​ Stansted នៃ​តំបន់ Essex។ ប្រភព​ព័ត៌មាន​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Jet2 ឱ្យ​ដឹង​ថា យន្តហោះ​នេះ​ត្រូវ​រង​ការ​គំរាម​បំផ្ទុះ​គ្រាប់​បែក​។

ផ្លូវហោះហើររបស់យន្តហោះ Airbus A321 ដែលអមការពារដោយយន្តហោះចម្បាំង Typhoon ២ គ្រឿង

យន្តហោះ​ខាងលើ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព​នៅ​លើ​ទីតាំង​ដាច់​ដោយ​ឡែក​ដែល​គេ​ស្ថាបនា​ឡើង​ទុក​សម្រាប់​ទប់​ទល់​នឹង​ករណី​ភេរវកម្ម​ និង​ករណី​ប្លន់​យន្តហោះ​។ សមត្ថកិច្ច​ Essex បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​យន្តហោះ​ទាំង​មូល ប៉ុន្តែ​មិន​បាន​រកឃើញ​អ្វី​មួយ​ដែល​គំរាម​កំហែង​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​យន្តហោះ​នេះ​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *