
មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្ដីសម្រេចថ្កោលទោសចំពោះ រុស្ស៊ី ដែលបានច្របាច់បញ្ចូលទឹកដី ៤ ខេត្តរបស់ អ៊ុយក្រែន ទៅក្នុងប្រទេសខ្លួន ដែលនេះគឺជាការសម្រេចដែល ប្រធានាធិបតីអាម៉េរិក អធិប្បាយថា ជាការផ្ញើ «សារយ៉ាងច្បាស់» ដល់ ទីក្រុងមូស្គូ។
សេចក្ដីសម្រេច «ថ្កោលទោសចំពោះការដែល សហព័ន្ធរុស្ស៊ី ប្រារព្ធអ្វីដែលហៅថា ប្រជាមតិខាងក្នុងព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិរបស់ អ៊ុយក្រែន» ទទួលបានសំឡេងគាំទ្រចំនួន ១៤៣ និងសំឡេងប្រឆាំងចំនួន ៥ ក្នុងការបោះឆ្នោតនៃ មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១២ តុលា ២០២២។
ក្នុងចំណោមប្រទេសចំនួន ៣៥ ដែលបានបោះឆ្នោតអនុបវាទ ក៏មាន ប្រទេសចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និង ប៉ាគីស្ថាន ផងដែរ។ ចំណែក ៥ ប្រទេសដែលបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចថ្កោលទោសលើ រុស្ស៊ី រួមមាន រុស្ស៊ី បេឡារុស កូរ៉េខាងជើង ស៊ីរី និង នីការ៉ាហ្កា។

សេចក្ដីសម្រេចថ្កោលទោសខាងលើ អំពាវនាវដល់គ្រប់ស្ថាប័នរបស់ អង្គការសហប្រជាជាតិ និងអន្តរជាតិ មិនទទួលស្គាល់រាល់ការប្រែប្រួលដែល រុស្ស៊ី បានប្រកាស ស្ដីពីព្រំដែន និងស្នើឱ្យ ទីក្រុងមូស្គូ «ធ្វើបញ្ច្រាសជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ» ចំពោះការសម្រេចរបស់ខ្លួន។
ថ្មីៗនេះ រុស្ស៊ី បានរឹបអូសទឹកដី ៤ ខេត្តរបស់ អ៊ុយក្រែន រួមមាន Donetsk, Lugansk, Kherson និង Zaporizhzhia តាមរយៈការវាយចូលកាន់កាប់ និងការធ្វើប្រជាមតិ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានថ្កោលទោសទង្វើនេះរបស់ រុស្ស៊ី មុននឹង សហរដ្ឋអាម៉េរិក និង អាល់បានី ដាក់សេចក្ដីព្រាងសេចក្ដីសម្រេចថ្កោលទោសឡើងទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
