Skip to content

ក្មេង​​អាយុ​ជាង​មួយ​ឆ្នាំ​ម្នាក់​នៅ​​ប្រទេស​អេស្ប៉ាញ ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​វះកាត់​ប្ដូរ​ពោះវៀន

ក្មេងតូច​ម្នាក់​អាយុ ១៧ ខែ​នៅ ប្រទេស​អេស្ប៉ាញ បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​បានទទួល​ជោគ​ជ័យ​ក្នុង​ការ​វះកាត់​ប្ដូរ​ពោះវៀន​ពី​ការ​បរិច្ចាគ​របស់​មនុស្ស​ម្នាក់ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ខ្សោយ​បេះដូង​​។

ខាងលើ​នេះ​គឺជា​ការ​ប្រកាស​របស់​មន្ទីរ​ពេទ្យ​ La Paz នៅ​ រាជធានី​ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ កាល​ពី​ថ្ងៃទី ១១ តុលា​ ២០២២​។

កុមារ Emma ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​ជំងឺ​ខ្សោយ​ពោះ​វៀន​កាល​ពី​ពេល​មាន​អាយុ​ទើប​តែ​ ១ ខែ ព្រោះ​តែ​ពោះវៀន​ខ្លី​ពេក​ មិន​អាច​ស្រូប​យក​ជីវជាតិ​បាន​គ្រប់​គ្រាន់​ នាំ​ឱ្យ​សុខភាព​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស​ ហើយ​នឹង​បាត់​បង់​ជីវិត​ បើសិន​មិន​បាន​ប្ដូរ​ពោះ​វៀន​។

ក្រៅ​ពី​ពោះ​វៀន Emma ក៏​ទទួល​បាន​ការ​វះកាត់​ប្ដូរ​ថ្លើម ក្រពះ លំពែង និងផាលថ្មី​ផងដែរ​។ បច្ចុប្បន្ន Emma ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​ពេទ្យ​​ ដោយ​សារ​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ​។

ស្ថាប័ន​សុខាភិបាល​បាន​រង់ចាំ​រហូត​ដល់​កុមារ​រូប​នេះ​ពិត​ជា​បាន​សម្រប​ខ្លួន​រស់​នៅ​បាន​ជា​សរីរាង្គ​ថ្មី​ទាំង​ស្រុង​ ទើប​ប្រកាស​អំពី​ករណី​វះកាត់​ពិសេស​នេះ​។

ចំណែក​អ្នក​ដែល​បាន​បរិច្ចាគ​ពោះវៀន​ឱ្យ​ Emma មុន​នោះ​ត្រូវ​បាន​វេជ្ជបណ្ឌិត​ពិនិត្យ​ឃើញថា បាន​ស្លាប់ដោយ​សារ​ជំងឺ​បេះដូង​​។ សរីរាង្គ​ខាង​ក្នុង​របស់​សប្បុរសជន​រូប​នេះ​ត្រូវ​បាន​យក​ចេញ និងចិញ្ចឹម​​រក្សា​ទុក​​ដោយ​ប្រើប្រាស់​ប្រព័ន្ធបេះដូង​ និងសួត​សិប្បនិម្មិត ECMO។

អេស្ប៉ាញ​ គឺជា​ប្រទេស​ដែល​នាំមុខ​គេ​ក្នុង​ការ​វះកាត់​ប្ដូរ​សរីរាង្គ​ខាង​ក្នុង​របស់​មនុស្ស​​ ដោយ​មាន​អត្រា​ជាង​ ១០២ ករណី​/​ពលរដ្ឋ​ ១ លាន​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *