កងទ័ពអ៊ុយក្រែន បានទទួលប្រព័ន្ធការពារដែនអាកាស IRIS-T ដំបូងពី ប្រទេសអាល្លឺម៉ង់ ក្រោយពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់ រុស្ស៊ី នេះបើតាម ទីភ្នាក់ងារសារព័ត៌មាន អាល្លឺម៉ង់ Spiegel។
Spiegel បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយមធ្យម IRIS-T SLM ដំបូងសម្រាប់ អ៊ុយក្រែន រួមមាន យានជាទីបញ្ជាការមួយគ្រឿង យានរ៉ាដាមួយគ្រឿង និងទម្រមួយគ្រឿងដែលបំពាក់មីស៊ីល ៨ គ្រាប់ ត្រូវបានប្រគល់ និងទទួលនៅ ព្រំដែនប៉ូឡូញ-អ៊ុយក្រែន កាលពីថ្ងៃទី ១១ តុលា។ សកម្មភាពនេះជួយឱ្យ អ៊ុយក្រែន មានប្រព័ន្ធ IRIS-T មុនកងទ័ពរបស់ អាល្លឺម៉ង់ ទៅទៀត។
ក្រសួងការពារជាតិអាល្លឺម៉ង់ និង កងទ័ពអ៊ុយក្រែន មិនទាន់មានការអធិប្បាយអ្វីនៅឡើយ ទាក់ទិននឹងព័ត៌មានខាងលើ។
ព្រឹត្តិការណ៍ខាងលើបានកើតឡើងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃទី ១០ តុលា បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសដំបូងសម្រាប់ អ៊ុយក្រែន នឹងត្រូវបានប្រគល់ឱ្យក្នុងប៉ុន្មានថ្ងៃខាងមុខ ដើម្បីឆ្លើយតបនឹងករណី «ស្រោច» មីស៊ីលលើទឹកដីរបស់ អ៊ុយក្រែន ពីសំណាក់កម្លាំងរបស់ រុស្ស៊ី។
IRIS-T អាចបាញ់បានចម្ងាយ ៤០ គីឡូម៉ែត្រ និងអាចបាញ់ទម្លាក់គោលដៅនៅលើកម្ពស់ ២០ គីឡូម៉ែត្រ។ ប្រព័ន្ធ IRIS-T មួយឈុតដែលពេញលេញ រួមមាន យានជាទីបញ្ជាការមួយគ្រឿង យានរ៉ាដាមួយគ្រឿង និងយានជាទម្រចំនួន ៣ គ្រឿងដែលបំពាក់មីស៊ីល ២៤ គ្រាប់។
អាល្លឺម៉ង់ បានប្រគល់ឱ្យ អ៊ុយក្រែន នូវ ប្រព័ន្ធការពារដែនអាកាស Gepard ចំនួន ២៤ គ្រឿង, កាំភ្លើងធំចល័ត PzH 2000 ចំនួន ១០ គ្រឿង, គ្រាប់ប្រឆាំងរថក្រោះ Panzerfaust 3 ប្រហែល ៣,០០០ គ្រាប់ អមជាមួយនឹងកាណុង ៩០០ ដើម, មីស៊ីលការពារដែនអាកាស FIM-92 Stinger ចំនួន ៥០០ គ្រាប់, មីស៊ីល Strela ២,៧០០ គ្រាប់ រួមនឹងអាវុធ គ្រាប់រំសេវ និងសម្ភារៈយោធាជាច្រើនផ្សេងទៀត រាប់ចាប់ពីពេល រុស្ស៊ី បានបើកយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន៕