លោក បៃដិន បានហៅទូរស័ព្ទពិភាក្សាជាមួយលោក ហ្សេឡែនស្គី និងសន្យាថា ផ្ដល់ប្រព័ន្ធការពារដែនអាកាសទំនើបទៅឱ្យ អ៊ុយក្រែន បន្ទាប់ពី រដ្ឋធានីកៀវ រងការវាយប្រហារទ្រង់ទ្រាយធំពីគ្រាប់មីស៊ីលរបស់ រុស្ស៊ី។
«សហរដ្ឋអាម៉េរិក សន្យាបន្តផ្ដល់ឱ្យ អ៊ុយក្រែន នូវជំនួយចាំបាច់ដើម្បីការពារខ្លួន ក្នុងនោះមានទាំងប្រព័ន្ធការពារដែនអាកាសទំនើប» ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានថ្លែងនៅក្នុងជំនួបតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី កាលពីថ្ងៃទី ១០ តុលា ប៉ុន្តែ មិនបានលើកឡើងលម្អិតអំពីអាវុធនេះ។
លោក ហ្សឡែនស្គី ក្រោយមកប្រកាសថា ការការពារដែនអាកាស «គឺជាអាទិភាពដំបូងគេនៅក្នុងកិច្ចសហប្រតិបត្តិការ» រវាង អ៊ុយក្រែន និង អាម៉េរិក។ «យើងនឹងធ្វើឱ្យសមរភូមិក្លាយជាការឈឺចាប់ជាងមុនសម្រាប់គូសត្រូវ» លោក ហ្សេឡែនស្គី ថ្លែងដូច្នេះ។
មុននោះ កាលពីថ្ងៃទី ២៧ កញ្ញា មន្ទីរបញ្ចកោណបានប្រកាសថា អាម៉េរិក នឹងចាប់ផ្ដើមប្រគល់ប្រព័ន្ធការពារដែនអាកាសទំនើបចំនួន ២ របស់ ន័រវែស (NASAMS) ទៅឱ្យ អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប៉ុន្តែ មិនទាន់ឱ្យដឹងអំពីពេលវេលាជាក់លាក់។
ការសម្រេចចិត្តរបស់ អាម៉េរិក ខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពី រុស្ស៊ី បើកយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំដោយប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយសំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល ទីបញ្ជាការយោធា និងបណ្ដាញទំនាក់ទំនងនៅ អ៊ុយក្រែន។
ក្រុមមន្ត្រីអ៊ុយក្រែន ឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ ១១ កន្លែងនៅក្នុង ៨ ខេត្តរបស់ប្រទេសនេះ បានរងការវាយប្រហារដោយមីស៊ីល និងបណ្ដាលឱ្យមនុស្ស ១២ នាក់ស្លាប់ និងតំបន់ជាច្រើនត្រូវដាច់ភ្លើង ទឹក ឬមិនអាចដំណើរការប្រព័ន្ធកម្ដៅ។
ការវាយប្រហារខាងលើរបស់ រុស្ស៊ី បានកើតមានឡើងក្រោយពីស្ពានគ្រីមៀ ដែលតភ្ជាប់ឧបទ្វីបគ្រីមៀរបស់ អ៊ុយក្រែន ជាមួយនឹងតំបន់ Krasnodar របស់ រុស្ស៊ី បានរងការវាយប្រហារ៕