កូរ៉េខាងជើង សម្ពោធបើកដំណើរការកសិដ្ឋានផ្ទះកញ្ចក់ទ្រង់ទ្រាយធំ ដែលត្រូវបានស្ថាបនានៅក្នុងមូលដ្ឋានទ័ពអាកាស Ryonpho ដោយមានមេដឹកនាំ គីម ជុងអុន ជាអធិបតី។
មេដឹកនាំរបស់ កូរ៉េខាងជើង លោក គីម ជុងអុន នាថ្ងៃនេះ បានចូលរួមសម្ពោធបើកកសិដ្ឋានផ្ទះកញ្ចក់ Ryonpho ក្នុងមូលដ្ឋានទ័ពអាកាស Ryonpho នៅក្នុងស្រុក Hamju ខេត្ត Hamgyong ខាងត្បូង ដែលស្ថិតនៅភាគខាងកើតប្រទេសនេះ ជាទីដែលធ្លាប់មានការសាកល្បងមីស៊ីលប្លោងរយៈចម្ងាយខ្លីជាច្រើនលើករហូតដល់ដើមឆ្នាំ ២០២១។
គម្រោងកែប្រែមូលដ្ឋានទ័ព Ryonpho ទៅជាកសិដ្ឋាន និងជាផ្ទះសម្រាប់កសិករខាងលើនេះ ត្រូវបានបក្សពលករកូរ៉េខាងជើង អនុម័តកាលពីខែធ្នូ ២០២១ ក្នុងបំណងប្រែក្លាយវាឱ្យទៅជាកសិដ្ឋានគំរូសម្រាប់ការអភិវឌ្ឍកសិដ្ឋានបែបទំនើប និងជនបទទាន់សម័យ។
កសិដ្ឋានខាងលើនេះមានផ្ទះកញ្ចក់ចំនួន ៨៥០ សង់នៅលើផ្ទៃដី ២៨០ ហិកតា រួមនឹងផ្ទះស្នាក់នៅ សាលារៀន មជ្ឈមណ្ឌលសេវាកម្ម និងវប្បធម៌ប្រហែល ១,០០០ ខ្នង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា មេដឹកនាំ គីម ជុងអុន បានជំរុញគម្រោងនេះដើម្បីធានាប្រភពផ្គត់ផ្គង់បន្លែក្នុងស្រុក និងបានលើកសរសើរចំពោះក្រុមទាហាន និងកម្មករដែលស្ថាបនាគម្រោងនេះរួចរាល់ក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ។ លោក គីម ជុងអុន ក៏បានអំពាវពាវឱ្យមានការសាងសង់កសិដ្ឋានទំនើបធំៗជាច្រើនទៀតផងដែរ។
កូរ៉េខាងជើង ធ្លាប់បានសាងសង់កសិដ្ឋានបែបនេះក្នុងទ្រង់ទ្រាយតូចនៅក្នុងតំបន់ភាគឦសានប្រទេសកាលពីចុងឆ្នាំ ២០១៩ ក្នុងកិច្ចប្រឹងប្រែងដើម្បីធានាភាពម្ចាស់ការលើប្រភពផ្គត់ផ្គង់ គ្រាដែលប្រទេសនេះកំពុងរងទណ្ឌកម្មអន្តរជាតិ ដោយសារតែកម្មវិធីអាវុធនុយក្លេអែរ និងមីស៊ីលប្លោងរបស់ខ្លួន៕