កាលពីព្រឹកថ្ងៃទី ០៩ តុលា អ្នកបើកបរតាក់ស៊ីនៅ បារីស រង់ចាំជាង ៣ ម៉ោងទើបអាចចាក់សាំងបានសម្រេច។
«ខ្ញុំមិនបានទៅធ្វើការ ២ ថ្ងៃហើយ» Thierry អាយុ ៦០ ឆ្នាំ ដែលជាអ្នកបើកបររថយន្តតាក់ស៊ីរៀបរាប់។ គាត់បានឱ្យដឹងថា បានជិះមួយជុំបារីស ដើម្បីរកកន្លែងចាក់សាំង និងត្រូវតម្រង់ជួរ ៣ ម៉ោងនៅស្ថានីយប្រេងសាំងមួយកន្លែង ដើម្បីរង់ចាំរថយន្តដឹកសាំងមកដល់។
ស្ថានភាពខ្វះទំនិញនៅតាមស្ថានីយប្រេងសាំងបានកើតឡើងអស់ជាច្រើនថ្ងៃមកនេះនៅទូទាំងប្រទេសបារាំង។ ព្រឹកថ្ងៃទី ០៧ តុលា នៅស្ថានីយប្រេងសាំងមួយកន្លែងនៅជាយក្រុងបារីស មានករណីតម្រង់ជួរជាង ១០០ ម៉ែត្រដើម្បីរង់ចាំចាក់សាំង។
«យើងបានរង់ចាំរាប់ម៉ោង» ម្ចាស់រថយន្តម្នាក់និយាយដូច្នេះ និងបន្ថែមថា ឡានអស់សាំងរលីង។ «ឡានតម្រង់ជួរមិនមានសញ្ញាផ្លាស់ទីសោះ។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទៀតទេ»។
ស្ត្រីម្នាក់និយាយថា បានទៅកាន់ស្ថានីយប្រេងឥន្ធនៈ ៣ កន្លែងហើយ នៅតែមិនអាចទិញបានសាំង។ «ខ្ញុំទៅទីនោះទន្ទឹមនឹងមនុស្សជាច្រើន ប៉ុន្តែ ពួកគេលើកស្លាកប្រាប់ថា ស្ថានីយអស់សាំងហើយ»។
ស្ថានភាពខ្វះឥន្ធនៈកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានីយប្រេងឥន្ធនៈនៅពាសពេញទឹកដីបារាំង ធ្វើឱ្យអតិថិជនមានការខកចិត្ត និងមួម៉ៅខ្លាំង ព្រោះតែត្រូវរង់ចាំយូរ ខណៈដែលកូដកម្មរបស់កម្មករនៅក្នុងក្រុមហ៊ុនប្រេងឥន្ធនៈធំៗពីរគឺ ក្រុមហ៊ុន TotalEnergies និង Esso-ExxonMobil បានឈានចូលដល់ថ្ងៃទី ១៣ កាលពីថ្ងៃទី ០៩ តុលា៕