KCNA បានឱ្យដឹងថា ការបាញ់មីស៊ីល ៧ លើក ក្នុង ២ សប្ដាហ៍កន្លងរបស់ កូរ៉េខាងជើង គឺសុទ្ធតែជាការធ្វើសមយុទ្ធ «នុយក្លេអែរយុទ្ធសាស្ត្រ» ក្រោមការតាមដានរបស់មេដឹកនាំ គីម ជុងអុន។
ទីក្រុងសេអូល តូក្យូ និង វ៉ាស៊ីងតោន ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានបង្កើនការធ្វើសមយុទ្ធរួមគ្នានៅលើសមុទ្រ នាំឱ្យ ទីក្រុងព្យុងយ៉ាង មានការខឹងខ្លាំង ដោយចាត់ទុកថា ទាំងនោះគឺជាការត្រៀមខ្លួនសម្រាប់សង្គ្រាមឈ្លានពាន ហើយបកស្រាយថា ការបាញ់មីស៊ីលរបស់ខ្លួនគឺជា «សមយុទ្ធទប់ទល់» ដ៏ចាំបាច់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា ការបាញ់មីស៊ីលនាពេលកន្លងរបស់ ទីក្រុងព្យុងយ៉ាង គឺដើម្បីឆ្លើយតបនឹងសមយុទ្ធយោធារួមរវាង កូរ៉េខាងត្បូង ជប៉ុន និង សហរដ្ឋអាម៉េរិក ហើយថា ការធ្វើសមយុទ្ធរបស់ កូរ៉េខាងជើង គឺសុទ្ធតែជា «ការធ្វើត្រាប់សង្គ្រាមជាក់ស្ដែង»។
«ប្រសិទ្ធភាព និងសមត្ថភាពប្រយុទ្ធជាក់ស្ដែងរបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអែរ ត្រូវបានធ្វើឡើងពេញលេញ នៅពេលកងកម្លាំងនេះត្រៀមខ្លួនរួចរាល់ក្នុងការវាយប្រហារ និងកម្ទេចគោលដៅនៅគ្រប់ពេលវេលា និងពីគ្រប់ទីតាំង» KCNA ដកស្រង់សម្ដីរបស់លោក គីម ជុងអុន ឱ្យដឹងដូច្នេះ។ «បើទោះជាគូបដិបក្ខលើកឡើងជាបន្តបន្ទាប់អំពីការចរចា យើងពុំមានអ្វីដែលត្រូវពិភាក្សា និងគិតថា មិនចាំបាច់ក្នុងការធ្វើដូច្នេះ»។
កូរ៉េខាងជើង ក្នុងរង្វង់ ២ សប្ដាហ៍កន្លង បានធ្វើការបាញ់មីស៊ីល ៧ លើក ហើយករណីថ្មីបំផុតគឺកាលពីម្សិលមិញ។
សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត ថ្កោលទោសចំពោះការបាញ់មីស៊ីលរបស់ កូរ៉េខាងជើង ដោយចាត់ទុកថា នោះគឺជាសកម្មភាពបង្កហេតុ និងបង្កអស្ថិរភាព។ កូរ៉េខាងជើង និយាយថា សកម្មភាពរបស់ខ្លួនគឺដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្នែកយោធាពី សហរដ្ឋអាម៉េរិក៕