Skip to content

មហា​សេដ្ឋី អ៊ីឡុន ម៉ាស លើក​សំណើ​សម្រាប់​ដោះ​ស្រាយ​ភាព​តាន​តឹង​នៅ​ «ច្រក​សមុទ្រ​តៃវ៉ាន់»

មហា​សេដ្ឋី​ អ៊ីឡុន ម៉ាស យល់​ថា ភាព​តាន​តឹង​រវាង​ ចិន​ដីគោក និង​ កោះតៃវ៉ាន់ អាច​ត្រូវ​បាន​ដោះ​ស្រាយ​ បើ​សិន​កោះ​នេះ​ប្រគល់​សិទ្ធិ​គ្រប់​គ្រង​មួយ​ចំនួន​ទៅ​ឱ្យ​ ទីក្រុង​ប៉េកាំង​។

«អាច​រកឃើញ​រូបមន្ត​តំបន់​រដ្ឋបាល​ពិសេស​សម្រាប់ តៃវ៉ាន់។ នោះ​គឺជា​សំណើ​សមស្រប​ ប៉ុន្តែ​មិន​អាច​បំពេញ​ចិត្ត​គ្រប់​គ្នា​» មហា​សេដ្ឋី​លំដាប់​លេខ​ ១ ពិភពលោក​លោក អ៊ីឡុន ម៉ាស ឆ្លើយ​តប​នឹង​សំណួរ​ស្ដីពី​ស្ថានការណ៍​ចិន របស់ Financial Times ក្នុង​កិច្ច​សម្ភាស​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃទី ០៧ តុលា​។

យោង​តាម​លោក ម៉ាស ដំណោះ​ស្រាយ​នេះ​អាច​ទៅ​រួច​ ហើយ​ភាគី​ទាំង​ពីរ​អាច​មាន​កិច្ច​ព្រម​ព្រៀង​ «ធូរស្រាល» ជាង បើ​ធៀប​នឹង​ករណី ហុងកុង​។

លោក ម៉ាស យល់​ថា «ស្ថានការណ៍​ជម្លោះ​ទាក់ទង​នឹង​ តៃវ៉ាន់ គឺជា​រឿង​មិន​អាច​គេច​ផុត» ប៉ុន្តែ លោក​មិន​បាន​បកស្រាយ​លម្អិត​។ លោក​ ម៉ាស ព្រមាន​ថា សេណារីយ៉ូ​នោះ​នឹង​បង្ក​ផល​ប៉ះពាល់​ធំធេង​ដល់​ក្រុម​ហ៊ុន​ Tesla របស់​លោក រួម​នឹង​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិក​​ និង​ខឿន​សេដ្ឋកិច្ច​នានា​ក្នុង​ពិភពលោក​។

ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់​មហា​សេដ្ឋី​ អ៊ីឡុន ម៉ាស កំពុង​ដំណើរ​ការ​រោង​ចក្រ​ធំ​មួយ​នៅ​ ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​។ ឆ្នាំ​ ២០២១ រោង​ចក្រ​នេះ​ផលិត​រថយន្ត​អគ្គសនី​ប្រមាណ​ពាក់​កណ្ដាល​ ធៀប​នឹងបរិមាណ​​រថយន្ត Tesla សរុប​ដែលត្រូវ​​បាន​ប្រគល់​ដល់​ដៃ​អតិថិជន​នៅ​ទូទាំង​ពិភពលោក​។

សំណើ​ថ្មី​នេះ​របស់​លោក អ៊ីឡុន​ ម៉ាស ត្រូវ​បាន​លើក​ឡើង​ក្រោយ​ពី​លោក​បាន​ស្នើ​ឱ្យ​ ទីក្រុង​កៀវ ធ្វើ​សម្បទាន​​ ឧបទ្វីប​​គ្រីមៀ (Crimea) ទៅ​ឱ្យ​ ទីក្រុង​មូស្គូ និង​ធ្វើ​ប្រជាមតិ​ឡើង​វិញ​ក្រោម​​ការ​គ្រប់គ្រង​របស់​ អង្គការ​សហប្រជាជាតិ​ ចំពោះ​ ៤ ខេត្ត​របស់ អ៊ុយក្រែន ដែល​ទើប​ត្រូវ​បាន​ រុស្ស៊ី រឹប​អូស​ ហើយ​ អ៊ុយក្រែន ត្រូវតែ​រក្សា​អព្យាក្រឹត​ភាព​ផ្នែក​នយោបាយ​ការ​បរទេស​​។ សំណើ​នេះ​របស់លោក ម៉ាស បាន​រង​ការ​រិះ​គន់​យ៉ាង​ធ្ងន់​ធ្ងរ​។

លោក អ៊ីឡុន ម៉ាស (Elon Musk) បច្ចុប្បន្ន​គឺជា​មហា​សេដ្ឋី​លំដាប់​លេខ ១ ​ក្នុងពិភពលោក ដោយ​មាន​ទ្រព្យ​ជាង ២២០ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើ​តាម​តារាង​ចំណាត់​ថ្នាក់​មហា​សេដ្ឋីរបស់​ទស្សនាវដ្ដី​ពាណិជ្ជកម្ម Forbes៕

Leave a Reply

Your email address will not be published. Required fields are marked *