ប៉ូលិសថៃ បានចាប់ខ្លួនបុរសម្នាក់ដែលមានកាំភ្លើង ២ ដើម និងមានបំណងសម្រុកចូលទៅកាន់សាលារៀននៅ Ron Phibun ដើម្បីចាប់ជំរិតកូនប្រុស។
បុរសម្នាក់ឈ្មោះ Theerapong អាយុ ៣៤ ឆ្នាំ កាលពីថ្ងៃទី ០៧ តុលា ត្រូវបានប៉ូលិសចាប់ខ្លួននៅខាងក្រៅសាលារៀនមួយក្នុងភូមិ Moo 1 ស្រុក Ron Phibun ខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ នេះបើតាមមេដឹកនាំការិយាល័យស៊ើបអង្កេត Jirabhop Bhuridej។
លោក Jirabhop បានឱ្យដឹងថា Theerapong ត្រូវបានក្រុមប៉ូលិសរារាំងនៅមុនពេលប្រុងកាន់កាំភ្លើងសម្រុកចូលទៅក្នុងសាលារៀនក្នុងបំណងចាប់ជំរិតកូនប្រុសអាយុ ៧ ឆ្នាំ។
មុនពេលកើតហេតុប៉ុន្មាននាទី កម្លាំងប៉ូលិសបានទទួលព័ត៌មានអំពីសកម្មភាពគួរឱ្យសង្ស័យរបស់ Theerapong នៅខាងក្រៅសាលារៀន។ ក្រុមប៉ូលិសល្បាតស្ម័គ្រចិត្តដែលកំពុងល្បាតក្បែរនោះក៏ប្រញាប់មកកាន់សាលារៀននេះ។
ពេលមកដល់ ប៉ូលិសបានឃើញរថយន្តមួយគ្រឿងដែលគួរឱ្យសង្ស័យ ចតនៅខាងមុខសាលា។ ពេលប៉ូលិសចូលទៅក្បែរ ភ្លាមនោះ Theeapong បានថយរថយន្ត បុកទៅលើរថយន្តប៉ូលិសដែលកំពុងរារាំងនៅខាងក្រោយ រួចក៏បង្កើនល្បឿនទៅបុករថយន្តរបស់ប៉ូលិសមួយគ្រឿងផ្សេងទៀតដែលនៅខាងមុខ។ បន្ទាប់មក Theeapong ក៏ចេញពីក្នុងឡាន និងដកកាំភ្លើងខ្លីមកកាន់ មុននឹងត្រូវក្រុមប៉ូលិសចាប់បាន។
ក្រោយពីត្រួតពិនិត្យ ប៉ូលិសបានរកឃើញថ្នាំញៀន ១៧ គ្រាប់, កាំភ្លើងខ្លី ១ ដើម, កាំភ្លើងវែង ១ ដើម និងគ្រាប់កាំភ្លើង ៥៥ គ្រាប់។ នៅលើរថយន្តក៏មានមនុស្សម្នាក់ឈ្មោះ Chavalit អាយុ ៣៣ ឆ្នាំ ត្រូវជាមិត្តរបស់ Theerapong។
Theerapong បានសារភាពថា មុននោះខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។ ដោយសារតានតឹងពេក បុរសនេះក៏ពឹងមិត្តភក្ដិមកកាន់សាលារៀនដើម្បីទទួលកូន។ អ្នកទាំងពីរសុទ្ធតែប្រើប្រាស់ថ្នាំញៀន។
អាណាព្យាបាលសិស្ស ក្រោយពីបានដឹងដំណឹងនេះ ម្នាក់ៗសុទ្ធតែមានការភ័យស្លន់ស្លោយ៉ាងខ្លាំង និងប្រញាប់មកសាលារៀនទទួលកូនទៅផ្ទះ។
ឧត្តមសេនីយ៍ Jirabhop និយាយថា សកម្មភាពរបស់ Theerapong គឺជាការធ្វើត្រាប់តាមអំពើឃោរឃៅដែលទើបតែកើតឡើងកាលពីថ្ងៃទី ០៦ តុលា នៅមជ្ឈមណ្ឌលកុមារ ក្នុងស្រុក Na Klang ខេត្ត Nong Bua Lamphu ដែលបានបណ្ដាលឱ្យមនុស្ស ៣៧ នាក់ ក្នុងនោះមានកុមារ ២៣ នាក់ ត្រូវបាត់បង់ជីវិត៕