អូស្ត្រាលី នាថ្ងៃទី ០៧ តុលានេះ បានបង្ហើបឱ្យដឹងអំពីផែនការនាំយកគ្រាប់ពូជរុក្ខជាតិឡើងទៅដាំលើដីឋានព្រះចន្ទ ដែលពួកគេជឿថា អាចជួយបង្កើតដែនដីអាណានិគមនៅទីនោះនាពេលអនាគត។
អ្នកវិទ្យាសាស្ត្រ Brett Williams មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Queensland (QUT) បានឱ្យដឹងថា គ្រាប់ពូជរុក្ខជាតិដែលដាក់នៅក្នុងប្រអប់ខ្យល់ពិសេសនឹងត្រូវបានដឹកទៅកាន់ឋានព្រះចន្ទដោយយានអវកាស Beresheet 2 នៅក្នុងបេសកកម្មឯកជនរបស់ អ៊ីស្រាអែល នៅឆ្នាំ ២០២៥។
ក្រោយពីបានចុះចត គ្រាប់ពូជទាំងនេះនឹងត្រូវបានស្រោចទឹក និងតាមដានសញ្ញានៃការដុះពន្លត ក៏ដូចជាការរីកលូតលាស់ តាមរយៈកាមេរ៉ា និងអង្គញាណដែលបំពាក់ទៅជាមួយ ហើយក្រោយមក ទិន្នន័យនេះនឹងត្រូវបានបញ្ជូនមកកាន់ផែនដី។
Williams ថ្លែងថា «ប្រភេទរុក្ខជាតិនឹងត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ដោយយោងទៅតាមសមត្ថភាពទប់ទល់នឹងលក្ខខណ្ឌអាក្រក់ និងល្បឿននៃការដុះពន្លករបស់ពួកវា»។
«ស្មៅរស់ឡើងវិញ» របស់ អូស្ត្រាលី ក៏ស្ថិតក្នុងចំណោមជម្រើសរបស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ។ រុក្ខជាតិនេះអាចរក្សាជីវិតដោយមិនបាច់មានទឹក នៅក្នុងស្ថានភាព «ដេក» នេះបើតាមអ្នកវិទ្យាសាស្ត្រ Williams។ «សូម្បីតែបាត់បង់ទឹក ៩៥% ស្មៅនេះនៅតែរស់បានបើទោះវាដូចបានងាប់ទៅហើយ ប៉ុន្តែ កោសិការបស់ពួកវានឹងលូតលាស់ឡើងវិញ នៅពេលមានទឹក»។
គម្រោងនេះគឺជាជំហានដំបូងដើម្បីឆ្ពោះទៅរកការដាំរុក្ខជាតិធ្វើជាអាហារ ថ្នាំពេទ្យ និងផលិតអុកស៊ីសែន ដែលជាកត្តាសំខាន់ដើម្បីទ្រទ្រង់ជីវិតរបស់មនុស្សនៅលើឋានព្រះចន្ទ នេះបើតាមសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU)។
ក្រុមហ៊ុនអវកាស Lunaria One កំពុងដំណើរការគម្រោងខាងលើនេះ ដោយមានការជួយគាំទ្ររបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាជាច្រើនមានដូចជា QUT, ANU, RMIT, Ben Gurion រួមនឹងស្ថាប័នសំខាន់ៗមួយចំនួនទៀត៕